ក្នុងនាមជាក្រុមខ្លាំងមួយនៅអឺរ៉ុប ជម្រើសជាតិហុល្លង់ តែងតែធ្វើបានល្អរាល់ ពេលឈានចូលប្រកួតក្នុងព្រឹត្តិការណ៍ World Cup ម្ដងៗ។ ប៉ុន្តែពួកគេមិនដែលស្គាល់រសជាតិលើកពានម្ដងណាឡើយ បានត្រឹមរងជើងឯកដល់ ទៅ៣ដងឯណោះ។
សហព័ន្ធ
ដូចដែលបានរៀបរាប់ខាងលើ ហុល្លង់ជាក្រុមខ្លាំង ក្នុងការប្រកួតជម្រុះនៅតំបន់អឺរ៉ុប (UEFA) ពួកគេដណ្ដើមបានចំណាត់ថ្នាក់កំពូលតារាងក្នុងពូល G។ ឆ្លងកាត់១០ប្រកួតឈ្នះ៧ ស្មើ២និងចាញ់១ ឈរលើក្រុមលេខពីរទួរគីពីរពិន្ទុ បានឈានចូលលេង World Cup ជាលើកទី១១ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
ប្រវត្តិក្នុង World Cup
ហុល្លង់ឈានជើងចូលលេងព្រឹត្តិការណ៍ World Cup ដំបូងក្នុងឆ្នាំ១៩៣៤ ដែលប្រទេសអ៊ីតាលីធ្វើជាម្ចាស់ផ្ទះឡើង បានត្រឹមវគ្គ១៦ក្រុមចុងក្រោយប៉ុណ្ណោះ។ ពួកគេធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រដល់ទៅ៣ក្នុងឆ្នាំ១៩៧៤ ១៩៧៨និង២០១០ ប៉ុន្តែបានត្រឹមតែរងជើងឯក ។
តាមប្រវត្តិនៅឆ្នាំ១៩៧៤ វគ្គផ្ដាច់ព្រ័ត្រហុល្លង់ ប្រកួតចាញ់អាល្លឺម៉ង់ខាងលិច ហើយឆ្នាំ១៩៧៨ចាញ់អាហ្សង់ទីន ឯឆ្នាំ២០១០ចាញ់អេស្ប៉ាញ។ កាលពី World Cup ចុងក្រោយធ្វើនៅប្រទេសរុស្សី ហុល្លង់បានអវត្តមានដោយសារ តែជម្រុះមិនជាប់។
កីឡាករសំខាន់
ខ្សែការពាររបស់ក្លឹប Liverpool កីឡាករ Virgil van Dijk នឹងដើរតួសំខាន់ក្នុងក្រុមជម្រើសជាតិហុល្លង់ ក្នុងព្រឹត្តិការណ៍ក្នុងប្រទេសកាតា។ គេទើបតែបានជួយក្រុមឈរកំពូលតារាង Group A4 នៃពានរង្វាន់ Nations League រដូវកាល២០២២-២៣ លើបែលហ្ស៊ិក ប៉ូឡូញនិងវែល មានឱកាសឡើងវគ្គពាក់កណ្ដាល។
និយាយនៅក្នុងក្លឹបអាជីពវិញ រដូវកាលមុនកីឡាករវ័យ៣១ឆ្នាំជួយហង្សក្រហមឈ្នះពាន២គឺ FA Cup និង League Cup ថែមទាំងឡើងផ្ដាច់ព្រ័ត្រ UCL ទៀតផងដែរប្រកួតចាញ់ Real Madrid។
ឯកសណ្ឋាន
អាវរបស់ហុល្លង់ត្រូវបានផលិត ដោយក្រុមហ៊ុនសំលៀកបំពាក់ Nike មានទាំងក្នុងដីនិងក្រៅដី។ អាវក្នុងដីមានពណ៌ទឹកក្រូច ភ្លឺចាំងជាងមុន ហើយស្រមោលលើអាវត្រូវបានយកលំនាំតាមរោមសត្វតោ ។ សម្រាប់អាវក្រៅដីមិនមានការពណ៌នាច្រើនឡើយ ដោយពួកគេសម្រេចចិត្ត ជ្រើសរើសពណ៌ខៀវ៕