កីឡា

ឃុន បូរ៉ា និងឈុត សេរីវ៉ាន់ថង ដឹកដៃគ្នា វគ្គផ្តាច់ព្រ័ត្រ ការប្រកួតកីឡាប្រដាល់គុនខ្មែរ ខ្សែក្រវ៉ាត់ពានរង្វាន់ សម្ដេចពិជ័យសេនា នៅសង្វៀនTV5 ថ្ងៃអាទិត្យនេះ

ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំង ឃុន បូរ៉ា និងអ្នកប្រដាល់ ឈុត សេរីវ៉ាន់ថងបានឡើងវគ្គផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍បើកការប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិប្រភេទទម្ងន់ ៦០គីឡូកាម បន្ទាប់ពីយកឈ្នះលើគូប្រកួតមុនទឹកទី៥ដូចគ្នា នាយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅសង្វៀន TV5 ព្រែកកំពឹស។

អ្នកប្រដាល់ជើងខ្លាំង ឃុន បូរ៉ា ក្លិបរស្មីភូមគាបខេត្តបន្ទាយមានជ័យ ប្រើពេលត្រឹមតែ៣ទឹកផ្តួលអ្នកប្រដាល់ វ៉ាន់ វឿន ក្លិបឃ្លាំងមឿនកីឡានៃសមាគមកីឡាប្រដាល់ ក្រសួងការពារជាតិឲ្យរាប់២ដង លុះចូលទឹកទី៣អ្នកប្រដាល់ជើងខ្លាំង ឃុន បូរ៉ា មិនទុកឳកាសឲ្យអ្នកប្រដាល់ជើងខ្លាំង វ៉ាន់ វឿនឡើយ ដោយប្រើកណ្តាប់ដៃដែកចំផ្ទៃមុខធ្វើឲ្យ វ៉ាន់ វឿនសន្លប់តែម្តង។

ចំណែកអ្នកប្រដាល់ ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងសូត្រ វាសនា ក្លិបបក្សីស្លាបដែកនៃសមាគមកីឡាប្រដាល់ ក្រសួងការពារជាតិ។  ឈុត សេរីវ៉ាន់ថងកម្ពស់របស់គេស្ទើរជាងវាសនាបន្តិចតែទាំងការវាយលុក និងការពាររបស់គេ ល្អពិសេសគេមានភាពអំណត់ខ្ពស់ទៀតផង ក៏ផ្តួលសូត្រ វាសនា ត្រឹមទឹកទី២។ 

ដូច្នេះអ្នកប្រដាល់ជើងខ្លាំង ឃុន បូរ៉ា ប៉ះអ្នកប្រដាល់ ឈុត សេរីវ៉ាន់ថងនៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់សម្ដេចពិជ័យសេនា ខណៈអ្នកប្រដាល់ វ៉ាន់ វឿន ប៉ះប្រដាល់ជើងខ្លាំងសូត្រ វាសនាដណ្តើមចំណាត់ថ្នាក់លេខ៣។

ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាពេលនេះពិតជាបានចូលរួមចំណែក ជាមួយនឹងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាចូលរួមចំណែកផ្សព្វផ្សាយនូវសមិទ្ធិផលរីកចម្រើនលើគ្រប់វិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកដោយគតិបណ្ឌិត របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមទំាងរួមចំណែកលើកស្ទួយវិស័យសិល្បៈ វប្បធម៌ កីឡា នយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា៕  ដោយ៖លី ភីលីព

Most Popular

To Top