កីឡា

ចាំ​អត់? មួយ​ជើង​នៅ​ម៉ោង​បន្ថែម​របស់ Iniesta ជួយ​អេស្ប៉ាញ​លើក​ពាន World Cup លើក​ដំបូង 

តារា​សំណាង ខ្សែ​បម្រើ Andres Iniesta គឺ​ជា​អ្នក​ទាត់​បញ្ចូល​ទី​នៅ​​ម៉ោង​បន្ថែម ​ជួយ​ជម្រើសជាតិ​អេស្ប៉ាញ ​យក​ឈ្នះ​ហុល្លង់​ ១-០ លើក​ពាន​​រង្វាន់ World Cup ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ខ្លួន​ កាល​ពី​ឆ្នាំ​២០១០។ នៅ​ឆ្នាំ​នោះ​អាហ្រ្វិក​ខាងត្បូង ​គឺ​ជា​ប្រទេស​ក្នុង​ទ្វីប​អាហ្រ្វិក​​ទី​មួយ​ដែល​បាន​រៀបចំ ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក។

សហព័ន្ធ

ក្នុង​វគ្គ​​ជម្រុះ​​ក្នុង​តំបន់​អឺរ៉ុប (UEFA) ដើម្បី​បាន​កៅអី​ទៅ​លេង World Cup ក្នុង​ប្រទេស​កាតា ក្រុម​ខ្លាំង​អេស្ប៉ាញ​ពិត​ជា​ធ្វើ​បាន​ល្អ ដោយ​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​​កំពូល​តារាង​ពូល B។ ឆ្លង​កាត់​៨​ប្រកួត ពួក​គេ​ឈ្នះ​៦ ស្មើ​១​និង​ចាញ់​១​ប្រកួត​មាន​១៩​ពិន្ទុ​លើ​ក្រុម​លេខ​ពីរ​ស៊ុយអែត​​៤​ពិន្ទុ។ លទ្ធផល​នេះ​បាន​ជួយ​ឲ្យ​អេស្ប៉ាញ​បាន​​ឡើង​មក​លេង​នៅ World Cup ជា​លើក​ទី​១៦។

ប្រវត្តិ​ក្នុង World Cup

អេស្ប៉ាញ​ចូល​លេង​ World Cup ដំបូង​ក្នុង​ឆ្នាំ​១៩៣៤ ដែល​ពេល​នោះ​ប្រទេស​អ៊ីតាលី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ហើយ​ពួក​គេ​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុងក្រោយ។ ពួក​គេ​ត្រូវ​រងចាំ​រហូង​ដល់​ឆ្នាំ​២០១០ ទើប​ស្គាល់​រសជាតិ​លើ​ពាន World Cup ក្រោយ​ប្រកួត​យ៉ាង​តានតឹង​នៅ​វគ្គផ្ដាច់ព្រ័ត្រ​ជាមួយ​ក្រុម​រួម​ទ្វីប​ហុល្លង់។

អេស្ប៉ាញ​​ធ្លាប់​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ម្ដង​កាល​ពី​ឆ្នាំ​១៩៨២ ប៉ុន្តែ​ពួក​គេ​ធ្វើ​មិន​សូវ​បាន​ល្អ​​ឡើយ ដោយ​ធ្លាក់​នៅ​​វគ្គ​សន្សំ​ពិន្ទុ​លើក​ទី​ពីរ។ (បញ្ជាក់​ថា​៖​ អំឡុង​ឆ្នាំ​ខាង​លើ​មាន​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ដល់​ទី​២​ជុំ)។

កីឡាករ​សំខាន់

ជា​ប្រធាន​ក្រុម​បច្ចុប្បន្ន​និង​ចាស់​ទុំ​ជាង​គេ​នៅ​ក្នុង​ក្រុម​ ខ្សែ​ការពារ Sergio Busquets ​នឹង​ដើរ​តួ​ជា​កីឡាករ​សំខាន់​ក្នុង​ជម្រើសជាតិ​អេស្ប៉ាញ។ កីឡាករ​វ័យ​៣៤​ឆ្នាំ​កំពុង​ឈរ​លេខ​៣​ក្នុង​នាម​ជា​កីឡាករ​បង្ហាញ​ខ្លួន​បាន​ច្រើន​ជាង​គេ​ក្នុង​ជម្រើសជាតិ​១៣៩​ប្រកួត និង​ទាត់​បញ្ចូល​ទី​២​គ្រាប់។

កីឡាករ​រូប​នេះ​មាន​បទពិសោធន៍​​និង​សមិទ្ធផល​ច្រើន​ជាមួយ​អេស្ប៉ាញ ដោយ​ធ្លាប់​ជួយ​ក្រុម​ឈ្នះ​ពាន Euro ម្ដង​ដង(២០១២) និង World Cup ម្ដង (២០១០)។

ឯកសណ្ឋាន

អាវ​ជម្រើស​ជាតិ​អេស្ប៉ាញ​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​សំលៀកបំពាក់ Adidas។ អាវ​ក្នុង​ដី​មាន​​ក​​រាង​អក្សរ​ V ពណ៌​ក្រហម​ឆ្អិនឆ្អៅ​​ លាយ​ឆ្នូត​និង​ឡូហ្គោ​ក្រុម​ពណ៌​លឿង​​ដូច​ទៅ​នឹង​ពណ៌​ទង់ជាតិ​របស់​ពួក​គេ។ ឯ​អាវ​ក្រៅ​ដី​មាន​ពណ៌​ខៀវ​ខ្ចី និង​ឆ្នូត​ក្រហម​និង​លឿង​លើ​ស្មា​អាវ៕ ​​​Source: Sabay

Most Popular

To Top