សៀមរាប៖ លោក Raksha Mantri Rajnath Singh រដ្ឋមន្រ្តីការពារជាតិឥណ្ឌា និងសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានកត់សម្គាល់ពីទំនាក់ទំនងវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែបរវាងប្រទេសឥណ្ឌា និងកម្ពុជា។ ក្រសួងការពារជាតិឥណ្ឌាបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា មេដឹកនាំទាំងពីរបានទទួលស្គាល់ប្រាសាទអង្គរវត្តដែលជាប្រាសាទបុរាណនៅក្នុងប្រទេសកម្ពុជាថាជានិមិត្តសញ្ញានៃ “ទំនាក់ទំនងដ៏យូរអង្វែង” រវាងប្រជាជាតិទាំងពីរ។
យោងតាមសារព័ត៌មាន The Print ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ឆ្នាំនេះ ឥណ្ឌា និងកម្ពុជា ប្រារព្ធខួបលើកទី ៧០ នៃទំនាក់ទំនងការទូត។ ក្នុងជំនួបនេះដែរ លោក Rajnath Singh បានអបអរសាទរចំពោះកម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាន និង ADMM Plus ក្នុងឆ្នាំ ២០២២។ មេដឹកនាំទាំងពីរបានពិនិត្យលើបញ្ហាទាំងមូលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងបានពិភាក្សាគ្នាអំពីមធ្យោបាយដែលមានប្រយោជន៍សម្រាប់គ្នាទៅវិញទៅមកក្នុងការបន្តទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
គួរកត់សម្គាល់ថា ប្រទេសឥណ្ឌា និងកម្ពុជា ធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិឥណ្ឌា-អាស៊ាន នៅថ្ងៃទី២២ ខែវិច្ឆិកា ដើម្បីរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងការទូតរវាងឥណ្ឌា និងកម្ពុជា។ កិច្ចប្រជុំឥណ្ឌា-អាស៊ាន នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព លោក Rajnath Singh។ លោកក៏នឹងចូលរួមក្នុងកិច្ចប្រជុំ ADMM Plus នៅថ្ងៃទី ២៣ ខែវិច្ឆិកាផងដែរ។
ក្រសួងការពារជាតិឥណ្ឌាបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា “គំនិតផ្តួចផ្តើមផ្សេងៗក្នុងការជំរុញភាពជាដៃគូឥណ្ឌា-អាស៊ាន គ្រោងនឹងប្រកាសក្នុងអំឡុងពេលកិច្ចប្រជុំ។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាក្នុងនាមជាប្រធាននៃកិច្ចប្រជុំ ADMM Plus នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៩ ហើយ លោក Raksha Mantri នឹងថ្លែងសុន្ទរកថាក្នុងវេទិកានេះ៕