បរទេស៖ ប្រទេសអាល្លឺម៉ង់បានច្រានចោលការអំពាវនាវ របស់ប្រទេសប៉ូឡូញឱ្យប្រគល់ប្រព័ន្ធមីស៊ីល ការពារពីដីទៅអាកាសប្រភេទ MIM-104 Patriot ដែលផលិតដោយសហរដ្ឋអាមេរិក ទៅឱ្យប្រទេសអ៊ុយក្រែន។
ការបដិសេធនេះបានកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិប៉ូឡូញ Mariusz Blaszczak បានស្នើសុំឱ្យអាវុធដែលក្រុងប៊ែរឡាំង ផ្តល់ជូនដល់ទីក្រុងវ៉ារស្សាវ៉ា ហើយត្រូវផ្តល់ឱ្យទីក្រុងគៀវ និងដាក់ពង្រាយនៅភាគខាងលិច នៃប្រទេស ក្បែរព្រំដែនអ៊ុយក្រែន-ប៉ូឡូញ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Christine Lambrecht បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “ប្រព័ន្ធការពារដែនអាកាស Patriots ទាំងនេះគឺជាផ្នែកមួយ នៃការការពារដែនអាកាសរួមបញ្ចូលគ្នា របស់ណាតូ មានន័យថា Patriots គឺមានគោលបំណងដាក់ពង្រាយ នៅលើទឹកដីរបស់ណាតូ” ។
លោកស្រីបានបញ្ជាក់ថា៖ «ការប្រើប្រាស់ណាមួយនៅក្រៅទឹកដីណាតូ នឹងទាមទារការពិភាក្សាជាមុន ជាមួយអូតង់និងសម្ព័ន្ធមិត្ត»។
អាល្លឺម៉ង់បានស្នើបង្កើនការការពារដល់ប្រទេសប៉ូឡូញ បន្ទាប់ពីមីស៊ីលមួយគ្រាប់ បានធ្លាក់នៅភាគខាងកើតនៃប្រទេសនេះកាលពីសប្តាហ៍មុន ដោយបានសម្លាប់មនុស្សពីរនាក់។ មន្ត្រីអ៊ុយក្រែន និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិចមួយចំនួន បានអះអាងដំបូងថា គ្រាប់មីស៊ីលត្រូវបានបាញ់ចេញដោយរុស្ស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ក្រោយមកបាននិយាយថា វាទំនងជាត្រូវបានបាញ់ដោយ កងកម្លាំងការពារដែនអាកាសរបស់អ៊ុយក្រែន ហើយមីស៊ីលបានហោះចេញពីផ្លូវ ខណៈពេលដែលព្យាយាម វាយបកទៅលើការវាយប្រហាររបស់រុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា