ភ្នំពេញ៖ ប្រដាល់កម្ពុជាវង្ស វិឆ័យ ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១គ្រងតំណែងជើងឯកការប្រកួតដណ្តើមខ្សែក្រវាត់ជើងឯក “អ្នកប្រយុទ្ធកំពូលថាមពលឆេមពាន” រដូវកាលទី១ទម្ងន់៦៧គីឡូក្រាម នៅសង្វៀន SEATV នាយប់ថ្ងៃអាទិត្យទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយឈ្នះអ្នកប្រដាល់ Phat Oubun នៅវគ្គផ្តាច់ព្រ័ត្រ។
ចំណែកអ្នកប្រដាល់កម្ពុជា នី សុភី ក្លិបសាលវ័ន្តកីឡាចំណាត់ថ្នាក់លេខ៤ បន្ទាបពីចាញ់អ្នកប្រដាល់ថៃ Chhuok Chhai ដណ្តើមយកចំណាត់ថ្នាក់លេខ៣ ។ ស្ថានភាពនៅក្នុងការប្រកួត វិឆ័យចាញ់ប្រៀបអ្នកប្រដាល់ថៃបាត់ទៅហើយ មិនតែប៉ុណ្ណោះនៅទឹកទី២វិឆ័យត្រូវ Phat Oubun វាយឲ្យមានរបួសលើនិងក្រោមភ្នែកស្ដាំទៀតផង ។
នៅទឹកទី៣វិឆ័យក៏វេទនាដោយសារគូប្រកួតរបស់ខ្លួនដែរ ហើយមកដល់ទឹកទី៤ ខណៈដែល Phat Oubun ទន់កម្លាំងនោះបែរជាវិឆ័យមានឳកាសបញ្ចេញមួយជង្គង់ចំពោះបណ្ដាលអ្នកប្រដាល់ថៃរូបនេះសន្លប់ក្រោកលែងរួចតែម្ដង ។
វិឆ័យបានក្លាយជាម្ចាស់ខ្សែក្រវាត់ទទួលបានពាន និងលុយអមចំនួន៥.០០០ដុល្លារ ចំពោះ Phat Oubun ជាជើងឯករងបានទទួលប្រាក់រង្វាន់ចំនួន៣.០០០ដុល្លារដែរ ដោយឡែក Chhuok Chhai ទទួលចំណាត់ថ្នាក់លេខ៣បានទទួលប្រាក់រង្វាន់១.៥០០ដុល្លារ និងនី សុភី បានរង្វានលើកទឹកចិត្តចំនួន១.០០០ដុល្លារ ៕ដោយ៖លី ភីលីពច