ភ្នំពេញ ៖ លោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានជួបសំណោះសំណាល់ និង ជួនដំណើរគ្រូបង្វឹក និងកីឡាករ-កីឡាការិនីសីដក់ និងឈិនឡូនកម្ពុជា ទៅហ្វឹកហាត់នៅប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ដើម្បីត្រៀមខ្លួន សម្រាប់ព្រឹត្តិការណ៍ការ ប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជា ។

កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការស្តីទី សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានប្រាប់ឲ្យដឹងថា ការចេញទៅហ្វកឹហាត់ នៅក្រៅបរទេសលើកនេះ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស ក្រុមកីឡាករ-កីឡាការិនីសីដក់ និងឈិនឡូនកម្ពុជា ក្នុងការត្រៀមខ្លួនចូលរួមប្រកួត នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ដោយមានចំនួន៣៦រូប ក្នុងនោះកីឡាករ -កីឡាការិនី ៣០ រូប និង គ្រូបង្វឹក៦រូប ដែលការ ហ្វឹកហាត់ មានរយៈពេល ៤ ខែ ២០ថ្ងៃចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ។

កញ្ញាបានបន្តថា ការទៅហ្វឺកហាត់នៅប្រទេសមីយ៉ាន់ម៉ា ក្រោមការសហការជា មួយសហព័ន្ធកីឡាសីដក់ និងឈិនឡូនអាស៊ី ឧបត្ថម្ភសំបុតយន្តហោះ និងសម្លៀកបំពាក់ពីគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា SEA GAMES 2023 ព្រមទំាងការគាំទ្រយ៉ាងពេញទំហឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោកបណ្ឌិត មាស សារិន បានមានប្រសាសន៍ថា ការហ្វឹកហាត់នៅប្រទេសមីយ៉ាន់ម៉ា ត្រូវយកចិត្តទុកដាក់ជានិច្ច ផ្នែកពង្រឹងពង្រីកសមត្ថភាព និងបច្ចេកទេស ឲ្យបានល្អប្រសើរ ដើម្បីចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជា ជាពិសេស សូមថែទាំងសុខភាព បានល្អប្រសើរ ព្រោះការថែទាំសុខភាព មានសារសំខាន់ណាស់ ចំពោះកីឡាករ-កីឡាការិនី៕
