ក្រិច៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ថា សមាជិកសភាអឺរ៉ុប ជនជាតិក្រិច លោកស្រី Eva Kaili បានបដិសេធពីការជាប់ពាក់ព័ន្ធ ក្នុងរឿងអាស្រូវសូកប៉ាន់ ដែលពាក់ព័ន្ធនឹងម្ចាស់ផ្ទះ World Cup នៅប្រទេសកាតា នៅសភាអឺរ៉ុប ។
លោកស្រី គឺជាជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យ៤នាក់ ដែលត្រូវបានចោទប្រកាន់ បន្ទាប់ពីអ្នកស៊ើបអង្កេតប៊ែលហ្ស៊ិក បានរកឃើញប្រាក់ជាច្រើននៅក្នុងផ្ទះ និងវ៉ាលីមួយផងដែរ ។
សមាជិកសភា បានបោះឆ្នោត ដោយមានសំឡេង ៦២៥ទល់នឹងមួយ ដើម្បីដកតំណែងលោកស្រី Kaili ពីតួនាទីរបស់លោកស្រីជាអនុប្រធានទី១៤របស់ខ្លួន ។
មេដឹកនាំសភា លោក Roberta Metsola បានថ្លែងអំពី “ថ្ងៃដ៏លំបាកសម្រាប់លទ្ធិប្រជាធិបតេយ្យនៅអឺរ៉ុប” ។
ចំណែកប្រទេសកាតា វិញបានបដិសេធចំពោះការធ្វើខុសនេះ ។
មេធាវីរបស់លោកស្រី គឺលោក Michalis Dimitrakopoulos បានប្រាប់ដល់ទូរទស្សន៍ក្រិចនៅថ្ងៃអង្គារនេះថា “[Eva Kaili] ប្រកាសថា គ្មានទោសកំហុសរបស់គាត់ ហើយថា លោកស្រីមិនមានជាប់ពាក់ព័ន្ធ នឹងការសូកប៉ាន់ពីប្រទេសកាតាទេ” ។
ព្រះរាជអាជ្ញាបានធ្វើការស្វែងរក ជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនថ្ងៃ ហើយបានលើកឡើងថា សាច់ប្រាក់ដែលមានតម្លៃប្រហែល ៦០០.០០០អឺរ៉ូ ស្មើនឹង៦៣២.០០០ដុល្លារ ត្រូវបានរកឃើញនៅផ្ទះរបស់ជនសង្ស័យម្នាក់ ចំនួន១៥០.០០០អឺរ៉ូនៅក្នុងផ្ទះល្វែង របស់សមាជិកសភាអឺរ៉ុបរូបនេះ និងជាច្រើនរយពាន់អឺរ៉ូ នៅក្នុងវ៉ាលីមួយក្នុងបន្ទប់សណ្ឋាគារ នៅទីក្រុងប្រ៊ុចស៊ែល ។
ប៉ូលិសប៊ែលហ្ស៊ិក បានចេញផ្សាយរូបថតនៅថ្ងៃអង្គារនេះ ដែលបង្ហាញពីគំនរក្រដាសប្រាក់២០០អឺរ៉ូ ៥០អឺរ៉ូ ២០អឺរ៉ូ និង១០អឺរ៉ូ ។ របាយការណ៍បានដាក់ថា ប៉ូលិសបានបូកបន្ថែមរហូតដល់១.៥លានអឺរ៉ូ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា