វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ថា មន្ត្រីអាមេរិក៣រូបបានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក កំពុងបញ្ចប់ផែនការ ក្នុងការបញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot ទៅកាន់ប្រទេសអ៊ុយក្រែន ដែលជាការសម្រេចចិត្ត ដែលអាចត្រូវបានប្រកាសភ្លាមៗ នៅក្នុងសប្តាហ៍នេះ ។
ប្រទេសអ៊ុយក្រែន បានស្នើសុំដៃគូលោកខាងលិច របស់ខ្លួនសម្រាប់ការការពារដែនអាកាស រួមទាំងប្រព័ន្ធ Patriot ដែលផលិត ដោយសហរដ្ឋអាមេរិក ដើម្បីការពារប្រទេសខ្លួន ពីការទម្លាក់គ្រាប់មីស៊ីល របស់រុស្ស៊ី យ៉ាងខ្លាំង រួមទាំងទប់ទល់នឹងការវាយប្រហារ ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន ។
ប្រព័ន្ធការពារដែនអាកាស ដែលមានមូលដ្ឋាន លើដី ដូចជា Patriot របស់សារជីវកម្ម Raytheon Technology Corp ត្រូវបានបង្កើតឡើង ដើម្បីស្ទាក់ចាប់មីស៊ីល ដែលផ្លោងចូលមក ។
ប្រព័ន្ធការពារដែនអាកាស Patriot ត្រូវបានគេចាត់ទុកថា ជាប្រព័ន្ធការពារដែនអាកាស ដ៏ទំនើបបំផុតមួយ របស់សហរដ្ឋអាមេរិក ហើយជាធម្មតា មានការខ្វះខាត ដោយសម្ព័ន្ធមិត្តជុំវិញពិភពលោក កំពុងប្រជែងជាមួយនឹង ប្រព័ន្ធការពារនេះ ។
លោក Alexander Vindman វរសេនីយ៍ទោកងទ័ពចូលនិវត្តន៍ ដែលបានដឹកនាំគោលនយោបាយអ៊ុយក្រែន នៅឯសេតវិមានក្នុងអំឡុងពេលរដ្ឋបាល ត្រាំ បានលើកឡើងថា “វាមានសារៈសំខាន់ខ្លាំងណាស់” ។
លោកបានបញ្ជាក់ថា “ទាំងនេះនឹងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដោះស្រាយបញ្ហាប្រឈមផ្សេងៗគ្នា ជាច្រើនដែលអ៊ុយក្រែនមាន ជាពិសេស ប្រសិនបើរុស្ស៊ី នាំយកមីស៊ីលផ្លោងរយៈចម្ងាយខ្លី” ពីប្រទេសអ៊ីរ៉ង់ ។
មន្ត្រីរូបដែលបានលើកឡើង ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា សេចក្តីប្រកាសអាចកើតឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ប៉ុន្តែកំពុងរង់ចាំការយល់ ព្រមជាផ្លូវការពីរដ្ឋមន្ត្រីការពារជាតិ អាមេរិក Lloyd Austin និងប្រធានាធិបតី ចូ បៃដិន ជាមុនសិន ៕