គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋាភិបាល បានរាយការណ៍ថា លោក Denys Shmyhal នាយករដ្ឋមន្រ្តីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃអង្គារថា អ៊ុយក្រែន នឹងទទួលបានប្រាក់ចំនួន១ ពាន់លានដុល្លារពីដៃគូរបស់ខ្លួន ដើម្បីឆ្លងកាត់រដូវត្រជាក់រដូវរងានេះ ។
លោក Shmyhal បានធ្វើការកត់សម្គាល់នេះ នៅក្នុងអំឡុងពេលធ្វើសន្និសីទ សារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី Catherine Colonna បន្ទាប់ពីសន្និសីទអន្តរជាតិ “ឈរជាមួយប្រជាជនអ៊ុយក្រែន” ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ។
លោក Shmyhal បានថ្លែងដូច្នេះថា ក្នុងចំណោមជំនួយទំាងនោះ គឺមាន៥០០លានដុល្លារ នឹងត្រូវបែងចែកទៅឱ្យអ៊ុយក្រែនជាជំនួយ ចំណែកទឹកប្រាក់ដែលនៅសល់ នឹងត្រូវចែកចាយក្នុងទម្រង់ជាទំនិញ សេវាកម្ម និងប្រាក់កម្ចី ។
បើយោងតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី អ៊ុយក្រែននឹងទទួលបានជំនួយភាគច្រើននៅចុងឆ្នាំនេះ ។
គួររំលឹកថា កាលពីដើមសប្តាហ៍នេះ លោក Shmyhal បានថ្លែងថា ប្រទេសរបស់លោកត្រូវការប្រាក់ យ៉ាងហោចណាស់១ពាន់លានដុល្លារ សម្រាប់ជំនួយសង្គ្រោះបន្ទាន់ នៃហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលត្រូវបានបំផ្លាញ ដោយការវាយប្រហាររបស់រុស្ស៊ី ៕