ព័ត៌មានអន្តរជាតិ

មន្រ្តីទូតអាមេរិកថា ណាតូ ប្រឈមមុខនឹងការខ្វះខាតសព្វាវុធ យ៉ាងពិតប្រាកដ ដោយសារអ៊ុយក្រែន

បរទេស៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ ប្រចាំប្លុកលោកស្រី Julianne Smith បានសារភាពកាលពីថ្ងៃអង្គារថា ស្ទើរតែគ្រប់ប្រទេសណាតូទាំងអស់ ប្រឈមមុខនឹងការអស់សព្វាវុធក្នុងឃ្លាំង និងគ្រាប់រំសេវ ដោយសារតែបរិមាណនៃគ្រឿងសព្វាវុធ ដែលពួកគេបានបញ្ជូនទៅប្រទេសអ៊ុយក្រែន ។ សហរដ្ឋអាមេរិក អង្គការណាតូ និងសហភាពអឺរ៉ុបទាំងអស់ កំពុងធ្វើការលើការជំរុញឱ្យឧស្សាហកម្មយោធា លោកខាងលិចបង្កើនការផលិត ដើម្បីដោះស្រាយការខ្វះខាតនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំឡើងដោយក្រុមអ្នកគិត CSIS លោកស្រី Julianne Smith បានប្រើឧទាហរណ៍របស់ប្រទេសអេស្តូនី ដែលបានផ្ដល់ជំនួយយ៉ាងច្រើន ដល់អ៊ុយក្រែន ហើយឥឡូវនេះកំពុងប្រឈមមុខនឹង “ការខ្វះខាតពិតប្រាកដមួយចំនួន”។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្លុករូបនេះ បាននិយាយថា “ពួកគេមិនតែម្នាក់ឯងទេ យើងឃើញថានៅទូទាំងសម្ព័ន្ធភាព សរសេរយ៉ាងទូលំទូលាយ។

បើតាមលោកស្រី Julianne Smith គឺខណៈពេលដែល “ក្រុមទំនាក់ទំនង” សម្រាប់អ៊ុយក្រែនផ្តោតលើការរៀបចំ ការដឹកជញ្ជូនទៅកាន់ទីក្រុងគៀវ អង្គការណាតូ បានប្រគល់ភារកិច្ចឱ្យសន្និសីទ នៃនាយកគ្រប់គ្រងអាវុធជាតិ (CNAD) ដើម្បីដោះស្រាយបញ្ហានៃ “ការធ្លាក់ចុះស្តុកអាវុធទុកនៅទូទាំងសម្ព័ន្ធភាព” ។ ទន្ទឹមនឹងនោះ EU បានចាប់ផ្តើមគំនិតផ្តួចផ្តើមដាច់ដោយឡែកមួយ សំដៅលើឧស្សាហកម្មយោធានេះ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top