ព័ត៌មានអន្តរជាតិ

ចិន ដកមន្ត្រីការទូត ៦រូបចេញពីអង់គ្លេស ក្រោយពីមានអំពើហិង្សា នៅក្រុង Manchester

ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ថា ប្រទេសចិន បានដកមន្ត្រីការទូតចំនួន៦រូបចេញពីចក្រភពអង់គ្លេស រួមទាំងអគ្គកុងស៊ុលរបស់ខ្លួននៅទីក្រុង Manchester បន្ទាប់ពីពួកគេត្រូវបានគេចោទប្រកាន់ពីបទវាយប្រហារបាតុករហុងកុងនៅទីក្រុងភាគខាងជើងនៃប្រទេសអង់គ្លេស ។

លោក James Cleverly រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានលើកឡើងថា បេសកជនទាំង៦រូបបានចាកចេញពីប្រទេសត្រឹមថ្ងៃកំណត់កាលពីថ្ងៃពុធ ដែលកំណត់ដោយក្រុងឡុងដ៍ ដើម្បីឲ្យពួកគេលះបង់អភ័យឯកសិទ្ធិការទូតរបស់ពួកគេ ហើយត្រូវបានប៉ូលិសសាកសួរជុំវិញឧប្បត្តិហេតុនៅក្នុងខែតុលា ។

ប៉ូលិសប្រចាំនៅ Greater Manchester បានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្ម បន្ទាប់ពីលោក Bob Chan ជនជាតិហុងកុងបានចោទប្រកាន់អ្នកការទូតចិន ថា បានដាក់គាត់ឱ្យប្រព្រឹត្តអំពើ “ព្រៃផ្សៃ” ដោយអូសគាត់ចូលទៅក្នុងបរិវេណរបស់ពួកគេដើម្បីវាយគាត់ នៅឯការតវ៉ាប្រឆាំងនឹងក្រុងប៉េកាំង ។

លោក Cleverly បានលើកឡើងកាលពីថ្ងៃពុធថា “ជាផ្នែកមួយនៃការស៊ើបអង្កេតនោះ យើងបានស្នើសុំឱ្យមន្ត្រីចិនចំនួន៦រូបលះបង់អភ័យឯកសិទ្ធិការទូត ដូច្នេះពួកគេអាចត្រូវបានគេសាកសួរ” ។

លោកបានឲ្យដឹងទៀតថា ស្ថានទូតចិន នៅក្រុងឡុងដ៍បានទទួលដំណឹងពីកាលបរិច្ឆេទសម្រាប់ “ពួកគេត្រូវចាត់វិធានការ”។

លោក Cleverly បានកត់សម្គាល់ថា “ដើម្បីឆ្លើយតបទៅនឹងសំណើរបស់យើង រដ្ឋាភិបាលចិន ឥឡូវនេះបានដកមន្ត្រីទាំងនោះចេញពីចក្រភពអង់គ្លេស រួមទាំងអគ្គកុងស៊ុលផ្ទាល់ផងដែរ” ។

អ្នកការទូតកំពូលរបស់ចក្រភពអង់គ្លេសបានលើកឡើងថា ការឆ្លើយតបរបស់ក្រុងឡុងដ៍បានបង្ហាញពី “ការប្រកាន់ខ្ជាប់នូវនីតិរដ្ឋ” ក៏ដូចជា “ភាពធ្ងន់ធ្ងរដែលយើងទទួលយកឧប្បត្តិហេតុទាំងនេះ” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top