បរទេស៖ នៅក្នុងទីក្រុងប៉ារីស គឺមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង រវាងប៉ូលីស និងអ្នកគាំទ្របាល់ទាត់ កាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីក្រុមជម្រើសជាតិបារាំង បានចាញ់ដោយអាហ្សង់ទីន ក្នុងការប្រកួតចុងក្រោយ នៃការប្រកួតបាល់ទាត់ពិភពលោក World Cup នៅប្រទេសកាតា។ មន្ត្រីប្រដាប់អាវុធកុប្បកម្ម ត្រូវបានគេដាក់ពង្រាយ ដើម្បីបំបែកហ្វូងមនុស្សនៅលើ Champs-Elysees ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រភពប៉ូលីស បានប្រាប់កាសែត Le Parisien ថា “ក្នុងស្ថានភាពបែបនេះ មានតែអ្នកដែលបានមកប្រយុទ្ធ ” ។ រូបថត និងវីដេអូ ដែលបានផ្សព្វផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមបង្ហាញពីមន្ត្រីប៉ូលិសមួយក្រុមធំនៅក្នុងប្រដាប់ប្រដាបង្ក្រាប កុបកម្ម បានដេញអ្នកគាំទ្រ ចេញពីផ្លូវ Champs-Elysees ខណៈពេលដែលមានការទាត់ និងវាយពួកគេដោយខែលរបស់ប៉ូលីស ។
អ្នកគាំទ្រត្រូវបានគេមើលឃើញថា បានវាយតបតវិញ និងគប់កាំជ្រួចដាក់មន្ត្រីក្នុងវីដេអូខ្លះ ទោះបីជាភាគច្រើនបង្ហាញតែហ្វូងមនុស្សដែលរត់ចេញក៏ដោយ។ វីដេអូមួយបង្ហាញពីបុរសម្នាក់ ដេកនៅលើដី ឡោមព័ទ្ធដោយប៉ូលីស យោងតាម Le Parisien មន្រ្តីបានចោទប្រកាន់ទៅលើហ្វូងមនុស្ស តូចមួយដែលកំពុងគប់ដប និងកាំជ្រួច ហើយគ្រប់គ្រងបំបែកពួកគេយ៉ាងលឿន។
សារព័ត៌មាន Le Parisien បានរាយការណ៍ថា មួយម៉ោងបន្ទាប់ពីការប្រកួត គឺខាងប៉ូលីសបានចាប់ខ្លួនមនុស្ស ១០នាក់ពីបទកាន់កាប់កាំជ្រួច។ មិនមានរបាយការណ៍អំពីការ រងរបួស ឬការខូចខាតទ្រព្យសម្បត្តិនោះទេ ទោះបីជាមនុស្សមួយចំនួន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និយាយអំពីកុបកម្មនៅទីក្រុងប៉ារីស បន្ទាប់ពីការប្រកួតក៏ដោយ៕