ភ្នំពេញ ៖ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២២ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានធ្វើសន្និសីទ សារព័តមាន ស្តីពីការរៀបចំការ ប្រកួតកីឡា ទោចក្រជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២២ ប្រព្រឹត្តនៅខេត្តសៀមរាប ថ្ងៃទី២៦-២៨ ខែធ្នូ ឆ្នាំ២០២២ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក នូ ចំរើន អគ្គលេខាធិការនៃ សហព័ន្ធកីឡាទោចក្រយានកម្ពុជា និងលោក អឿ ឌីណា ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុន HERBAlIFE នៅគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។
លោក នូ ចំរើន អគ្គលេខាធិការ បានប្រាប់ឲ្យដឹងថា ការប្រកួតថ្នាក់ជាតិនេះ មានប្រតិភូ គ្រូបង្វឹក កីឡាករ- កីឡាការិនី ចុះឈ្មោះប្រកួត សរុបមាន ចំនួន ២៥២នាក់ មកពី១៨ ក្លិប សមាគម រាជធានី ខេត្ត ហើយបើបូករួមទាំងមន្ត្រី គណៈកម្មការបច្ចេកទេស និងអ្នកស្ម័គ្រចិត្តទៀត មានចំនួនសរុបចន្លោះ ពី៥៥០នាក់ ដល់៦០០នាក់ ដើម្បីឲ្យដំណើរការប្រកួតនេះ មានភាពរលូនបាន ។ ក្រៅពីការប្រកួត ក៏មានការរត់កម្សាន្ត ចម្ងាយ៣ គីឡូម៉ែត្រ ក្នុងនោះមានចំនួនកីឡាករ និងក្រុមគណៈកម្មការ ចំនួន៣៥០នាក់តាមពិតចំនួនក្លិប សមាគមជាសមាជិក របស់សហព័ន្ធ មានច្រើន ជាងនេះ ប៉ុន្តែដោយសារលទ្ធភាព នៃការរៀបចំ និងបញ្ហាជំងឺ COVID-19 បូកផ្សំផងទៀតនោះ យើងព្យាយាមកាត់បន្ថយចំនួន កីឡាករចូលរួម ។
លោកបានបន្តថា ខ្ញុំសង្ឃឹមថា ការប្រកួតនៅឆ្នាំ២០២២ នាពេលខាងមុខឆាប់ៗនេះ និងមានការចូលរួមពីក្លិប សមាគម រាជធានី ខេត្ត ក្រុងច្រើនជាងនេះ។ ឆ្នាំនេះព្រឹត្តិការណ៍ នៃការប្រកួតរបស់យើង មានការចូលរួមពីក្លិបម៉ូតូធំ BMW ជួយសម្រួលការ ប្រកួត វិញ្ញសាកង់គួក ដែលពួកគាត់សុទ្ធ តែជាកីឡាករម៉ូតូ ដែលមានកម្រិតជំនាញខ្លាំង ព្រមទាំង សមត្ថភាព និង បទពិសោធន៍ខ្ពស់ ធ្លាប់ចូលរួមរៀបចំព្រឹត្តិការណ៍ ប្រណាំងកង់ពិភពលោក ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កាលពីដើមឆ្នាំ២០២០ និងការ ប្រកួតថ្នាក់ជាតិ និងកីឡាជាតិលើកទី៣ ឆ្នាំ២០០២ រួចមកហើយ ។
លោកអគ្គបន្ថែមទៀតថា គោលដៅនៃការរៀបចំព្រឹត្តការណ៍ ប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២មានចំនួន២ គឺទី១ អនុវត្តតាមផែនការ យុទ្ធសាស្ត្ររបស់សហព័ន្ធ ដោយមានការឯកភាព និងណែនាំពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន សហព័ន្ធបានដាក់ចេញ ឲ្យយើងត្រូវពង្រឹងសមត្ថភាពគណៈកម្មការ បច្ចេកទេស និងគណៈកម្មការៀបចំការប្រកួត ក្នុងដំណើរឈានទៅទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES លើកទី ៣២ ឆ្នាំ២០២៣ ក៏ដូចជាការប្រកួតកីឡាទោចក្រ យានលើឆាកអន្តរជាតិ ផ្សេងៗទៀត នាពេលខាងមុខ ។
ហើយទី២ គោលដៅ របស់សំខាន់សហព័ន្ធនោះ គឺតាមរយៈការប្រកួតនេះ និងមានការចូលរួមពីកីឡាករ-កីឡាការិនី ពីគ្រប់រាជធានីខេត្តនៅកម្ពុជា ក៏ដូចជាបានផ្ដល់ឱកាសដល់ពួកគាត់ ក្នុងការបង្ហាញនូវទេសកោសល្យ ចំណេះ និងជំនាញ ដូច្នេះការ ប្រកួតនេះក៍ដូចជា បានបង្ហាញពីការវិវឌ្ឍសមត្ថភាព និង កម្រិតបច្ចេកទេស របស់ពួកគាត់ផងដែរ ។
សម្រាប់សហព័ន្ធខ្មែរ កីឡាទោចក្រយានយើង កំពុងតែស្វែងរកធនធានកីឡាករ-កីឡាការិនី ដែលមានសមត្ថភាព ដើម្បីបញ្ចូល ក្នុងក្រុមជម្រើសជាតិ ហេតុដូចនេះមន្ត្រី បច្ចេកទេស របស់សហព័ន្ធតែងតែសំឡឹង មើលលើទេពកោសល្យ របស់ពួកគាត់ជារៀង រាល់ឆ្នាំតាមរយៈការ ប្រកួតជើងឯកថ្នាក់ជាតិ ជាព្រឹត្តិការ ណ៍ប្រកួតកម្រិតជាតិខ្ពស់ និងធំជាងគេប្រចាំឆ្នាំ ដើម្បីត្រៀមបញ្ចូលក្នុងបញ្ជីឈ្មោះកីឡាករត្រូវទៅចូលរួមការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ ៕