ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីក្រសួងមហាផ្ទៃ ដណ្តើមមេដាយគ្រងតំណែងជើងឯក បន្ទាប់ពីក្រុមនេះឈ្នះមេដាយច្រើនជាងគេនៃព្រឹត្តិការណ៍ការប្រកួតកីឡាវូស៊ូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ រៀបចំដោយសហព័ន្ធកីឡាវូស៊ូកម្ពុជាក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងឱកាសពិធីបិទ និងប្រគល់ជយលាភីក្រុមកីឡាករ-កីឡាការិនីកីឡាវូស៊ូ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ៅ សុផល អគ្គលេខាធិការរង នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងលោក សំ សុខយី អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាតំណាងឲ្យលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅសាលដំបូលទូក ក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ នៃសហព័ន្ធកីឡាវូស៊ូកម្ពុជា បាននិយាយថា ការប្រកួតជើងឯកឆ្នាំនេះចូលរួមប្រកួតមាន ១៣ និងប្រតិភូសរុប ១១៥ នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនីទាំងអស់ ចូលរួមប្រកួតចំនួន៩១ នាក់ លើវិញ្ញាសាប្រកួតចំនួន ១៩ រួមមាន ថាវលូ ( Taolu ) សម្ដែង ១២ វិញ្ញាសា និង សាន់ដា ( Sanda ) ប្រយុទ្ធ៧ប្រភេទទម្ងន់បុរស ៤ ទម្ងន់ និងនារី ៣ ប្រភេទទម្ងន់ ។ សង្ឃឹមថា នៅឆ្នាំ២០២៣ ខាងមុខនឹងមានក្លិប-សមាគមផ្សេងទៀតចូលរួមប្រកួត។
ការប្រកួតកីឡាវស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២នេះ អនុវត្តន៍តាម កិច្ចព្រមព្រៀងអនុវត្ដន៍ថវិកាទ្រទ្រង់សហព័ន្ធកីឡាវស៊ូកម្ពុជា របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ ២០២២ ជាមួយសហព័ន្ធ ។ ជាទីបញ្ចប់ក្នុងនាមសហព័ន្ធកីឡាវស៊ូកម្ពុជា សូមថ្លែងអំណរគុណជូនថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែគិតគូរដល់ការអភិវឌ្ឍន៍ប្រភេទកីឡាវ៉ូស៊ូគ្រប់ពេល។ សូមថ្លែងអំណរគុណជូនថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង C A M S O C តែងតែគិតគូរដល់ការអភិវឌ្ឍន៍ប្រភេទកីឡាវ៉ូស៊ូគ្រប់ពេល។
លោក សំ សុខយី បានមានប្រសាសន៍ថា ការប្រកួតកីឡាវូស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២នេះ ដើម្បីវាស់អំពីកម្រិតសមត្ថភាពរបស់កីឡាករ-កីឡាការិនី មន្ត្រីបច្ចេកទេស របស់សហព័ន្ធកីឡាវស៊ូកម្ពុជា ដើម្បីឆ្ពោះ ទៅចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣ ខាងមុខនេះ៕ ដោយ៖លី ភីលីព