គៀវ ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងថា ទីក្រុងគៀវ កំពុងពឹងផ្អែកលើការរៀបចំ កិច្ចប្រជុំកំពូលមួយ ដើម្បីពិភាក្សាអំពីផែនការសន្តិភាព សម្រាប់អ៊ុយក្រែន នៅចុងខែកុម្ភៈ។
លោក Kuleba បានលើកឡើងថា “អង្គការសហប្រជាជាតិ អាចជាវេទិកាដ៏ល្អបំផុត សម្រាប់រៀបចំកិច្ចប្រជុំកំពូលនេះ” ដោយលោកបានលើកឡើងថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres អាចជាអ្នកសម្រុះសម្រួល ដែលអាចធ្វើទៅបាន សម្រាប់ការចរចាសន្តិភាព។
លោក Kuleba បានបន្ដថា លោកជឿជាក់ថា រុស្ស៊ីមិនទាន់ត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចចរចាសន្តិភាពទេ ទោះបីជារដ្ឋមន្ត្រីបានចង្អុលបង្ហាញថា “រាល់សង្គ្រាមបានបញ្ចប់ ដោយសារសកម្មភាព ដែលបានធ្វើឡើងនៅសមរភូមិ និងនៅតុចរចា”។
ខណៈដែលធ្វើអត្ថាធិប្បាយ លើដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ របស់ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ទៅកាន់សហរដ្ឋអាមេរិក លោក Kuleba បានលើកឡើងថា លោកពិតជា “ពេញចិត្ត” ចំពោះលទ្ធផលរបស់វា ។
នៅក្នុងនោះដែរ លោក ហ្សេឡិនស្គី បានដាក់ចេញផែនការសន្តិភាព សម្រាប់ការបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែននៅឯកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី កាលពីខែមុន ៕