ព័ត៌មានអន្តរជាតិ

ទីប្រឹក្សាអាមេរិក អំពាវនាវឱ្យក្រុងវ៉ាស៊ីនតោន ផ្តល់គ្រាប់បែកចង្កោម ឱ្យអ៊ុយក្រែន ដើម្បីបង្កើនល្បឿន យកឈ្នះរុស្ស៊ី

បរទេស ៖ លោក Dan Rice ទីប្រឹក្សាអាមេរិក ផ្នែកយោធាអ៊ុយក្រែន បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន ផ្តល់សិទ្ធិក្នុងការចែកចាយគ្រាប់បែក ចង្កោមទៅឱ្យទីក្រុងគៀវ ដើម្បីបង្កើន “សមត្ថភាពវាយប្រហារ” និង “ឈ្នះសង្គ្រាម” ប្រឆាំងនឹងរុស្ស៊ី ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងពេលបទសម្ភាសន៍ ជាមួយទូរទស្សន៍ CNN កាលពីសប្តាហ៍មុន លោក Rice ដែលជាទីប្រឹក្សាពិសេស របស់អគ្គមេបញ្ជាការ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានទទូចថា សហរដ្ឋអាមេរិក “ពិតជាចាំបាច់” ផ្គត់ផ្គង់ដល់កងកម្លាំងទីក្រុងគៀវ ជាមួយនឹងគ្រាប់បែកចង្កោម ។

លោកបានអះអាងថា ពួកគេ (គ្រាប់បែក) ប្រៀបដូចជាការគប់ «អណ្តាតភ្លើងដាក់ស្រមោចមួយហ្វូង» ហើយនឹង«បង្កើនគ្រាប់កាំភ្លើងធំពីប្រាំទៅដប់ដង»។

ទីប្រឹក្សាអាមេរិកផ្នែកយោធាអ៊ុយក្រែនរូបនេះ បានប្រាប់សារព័ត៌មានទៀតថា “នេះជារបៀបដែលអ្នកបង្កើន ការវាយប្រហារ និងឈ្នះសង្គ្រាម។ ប្រសិនបើយើងចង់ឈ្នះវា យើងត្រូវផ្តល់ឱ្យពួកគេនូវអ្វីមួយបែបនោះ”។ លោកបានប្រាប់អ្នកយកព័ត៌មាន ដោយហៅគ្រាប់បែកចង្កោមថាជា “អ្នកផ្លាស់ប្តូរហ្គេម” ។

ទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា រដ្ឋបាលរបស់ប្រធានាធិបតី អាមេរិក Joe Biden បច្ចុប្បន្នមិនមានឆន្ទៈ ក្នុងការផ្គត់ផ្គង់អាវុធបែបនេះ ដល់អ៊ុយក្រែនទេ ព្រោះវាអាចនឹងធ្វើឱ្យរដ្ឋអឺរ៉ុប ខាងលិចខឹងសម្បារក្នុងពេល ដែលរដ្ឋទាំងនោះបានចុះហត្ថលេខាលើសន្ធិសញ្ញា ហាមឃាត់អាវុធទាំងនេះ៕

Most Popular

To Top