គៀវ៖ ទាហានអ៊ុយក្រែនប្រហែល ១០០ នាក់នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកភ្លាមៗនៅសប្តាហ៍ក្រោយ ដើម្បីចាប់ផ្តើមការហ្វឹកហ្វឺនលើប្រើប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត Patriot ធ្វើឱ្យទីក្រុងគៀវ កាន់តែខិតទៅជិត ដើម្បីទទួលបានការការពារដែលស្វែងរកជាយូរមកហើយប្រឆាំងនឹងការបន្តវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី។
អ៊ុយក្រែន បានស្នើសុំឱ្យសហរដ្ឋអាមេរិក ផ្តល់ប្រព័ន្ធការពារមីស៊ីលពីដីទៅអាកាស Patriot អស់រយៈពេលជាច្រើនខែ ដោយសារវាអាចកំណត់គោលដៅលើយន្តហោះ កាំជ្រួចធ្វើដំណើរ និងមីស៊ីលផ្លោងរយៈចម្ងាយខ្លីជាង។
ក្នុងអំឡុងដំណើរទស្សនកិច្ចចុងខែធ្នូ ទៅកាន់សហរដ្ឋអាមេរិក ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ប្រព័ន្ធនេះនឹងធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងក្នុងការពង្រឹងការការពាររបស់ទីក្រុងគៀវ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ចំនួនជនជាតិអ៊ុយក្រែនដែលមក Fort Sill ក្នុងរដ្ឋអូក្លាហូម៉ា គឺនិយាយអំពីចំនួន ដែលខ្លួនត្រូវការដើម្បីដំណើរការប្រព័ន្ធមួយនេះ។ អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណ លោក Pat Ryder បានឲ្យដឹងថា ពួកគេក៏នឹងរៀនរក្សាប្រព័ន្ធ Patriot ផងដែរ។
ការសម្រេចចិត្តរបស់ទីក្រុងគៀវ ក្នុងការយកកងទ័ពចេញពីសមរភូមិ ដើម្បីហ្វឹកហាត់នៅទូទាំងមហាសមុទ្រអាត្លង់ទិកនៅសហរដ្ឋអាមេរិកគឺមិនធម្មតានោះទេ ទោះបីជាបានបញ្ជូនកងកម្លាំងសម្រាប់ការហ្វឹកហ្វឺនរយៈពេលខ្លីនៅឯមូលដ្ឋានអឺរ៉ុប សម្រាប់ប្រព័ន្ធស្មុគស្មាញផ្សេងទៀតដែលខ្លួនបានទទួល ដូចជានៅប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំរយៈចម្ងាយឆ្ងាយ High Mobility ។
លោក Ryder បានលើកឡើងថា ការហ្វឹកហ្វឺន Patriot ជាធម្មតាអាចចំណាយពេលច្រើនខែ ប៉ុន្តែ “កាន់តែយូរជាងនេះ កងទ័ពទាំងនោះនៅក្រៅជួរ ពួកគេមិនបានចូលរួមក្នុងការប្រយុទ្ធទេ” លោក Ryder បានបន្ថែមថា ដូច្នេះការបណ្តុះបណ្តាលនឹងត្រូវចំណាយពេលខ្លី៕ ប្រែសម្រួល ឈូក បូរ៉ា