ភ្នំពេញ៖លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃទទួលជួយការងារ ដឹកនាំអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាល មន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល ថ្នាក់ជាតិ ឆ្នាំ២០២៣ រៀបចំដោយសហព័ន្ធ ក្រោមការប្រើប្រាស់ថវិកាគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា។
លោក យិត ភីរ: អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បាននិយាយថា ដោយទទួលបានថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងទទួលបានអនុញ្ញាតគោលកាណ៍ ពីលោកប្រធានសហព័ន្ធ និងទទួលបានថវិកាគំាទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា ទើបសហព័ន្ធកីឡា សូហ្វតិន្នីសកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល ថ្នាក់ជាតិ ចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡា ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ប្រកបដោយភាពជោគជ័យ ។
លោកបានបន្តថា វគ្គនេះមានសិក្ខាកាមចូលរួមចំនួន ៣៦ នាក់ ក្រោយឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ ទទួលបាននូវការយល់ដឹង និងបន្ថែមនូវបទពិសោធថ្មីៗ ដែលមានលទ្ធផលដូចខាងក្រោម ៖និទ្ទេសល្អ ៧០ ភាគរយ និទ្ទេសល្អបង្គួរ ២០ភាគរយ និងនិទ្ទេសមធ្យម១០ភាគរយ។
ក្នុងនាម សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា សូមប្តេជ្ញាយ៉ាងមោះមុត និងបន្តរក្សាការខិតខំប្រឹងប្រែង លើគ្រប់ការងារទាំងអស់រួមទាំង ការបណ្តុះបណ្តាលធនធាន ជាពិសេស ពង្រឹងនូវវិស័យប្រភេទកីឡាមួយនេះ ឲ្យមានការអភិវឌ្ឍទៅមុខ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងបន្តខិតខំអភិវឌ្ឍសមត្ថភាព និងពង្រឹងកីឡាករ កីឡាការិនី ឲ្យទទួលបានគុណភាពខ្ពស់ ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសត្រៀមចូលរួម ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕ ដោយ៖លី ភីលីព