អូស្ត្រាលី ៖ នេះបើយោង តាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ការបំផ្លិចបំផ្លាញដុំថ្ម អវកាសដ៏ធំនៅថ្ងៃណាមួយ អាចជាមធ្យោបាយតែមួយគត់ ក្នុងការជួយសង្គ្រោះភពផែនដី របស់យើងពីផលប៉ះពាល់ មហន្តរាយដល់មនុស្សជាតិ ។
ហើយតាមរយៈបេសកកម្ម DART កាលពីឆ្នាំមុន អង្គការអវកាស ណាសា “NASA” បានបង្ហាញអំពីរបៀបថ្ម អវកាសបែបនេះអាចត្រូវបានគេ ទម្លាក់ចេញពីផ្លូវបុកជាមួយផែនដី ដោយការបុកយានអវកាស ចូលទៅក្នុងវា ប៉ុន្តែចុះយ៉ាងណាវិញ ប្រសិនបើផ្កាយរណបមួយធ្លាក់ត្រង់អាចម៍ផ្កាយ ដោយមិនអាចផ្លាស់ប្តូរទិសដៅរបស់វា?
ជាអកុសល ការសិក្សាថ្មីមួយបានអះអាងថា Itokawa ជាអាចម៍ផ្កាយមានទំហំប៉ុនស្ពាន Sydney Harbor Bridge នឹងពិបាកនឹងបំផ្លាញណាស់ ដោយសារវាធន់នឹងការប៉ះទង្គិច ។ Itokawa ត្រូវបានបង្កើតឡើងដោយផ្ទាំងថ្មប្រមូលផ្តុំគ្នា ក្រោមឥទិ្ធពលនៃទំនាញផែនដី ដូច្នេះភាគច្រើននៃវាជាកន្លែងទំនេរ ។
សម្រាប់ហេតុផលនេះត្រូវបានគេស្គាល់ថា ជាអាចម៍ផ្កាយនៃ គំនរកម្ទេចថ្មជាជាងដុំថ្មដ៏ធំតែមួយ។ ហើយទោះបីជាមាន ចម្ងាយប្រហែល ២ លានគីឡូម៉ែត្រ ពីផែនដីក៏ដោយ Itokawa នៅតែត្រូវបានចាត់ទុកថា ជាគ្រោះថ្នាក់ដែលអាចកើតមានជាផ្លូវការ ដោយអាចបង្កការខូចខាត ប្រសិនបើវាទៅដល់ផែនដី។
ការសិក្សាថ្មីនេះត្រូវបានដឹកនាំដោយអ្នកជំនាញនៅសាកលវិទ្យាល័យ Curtin របស់ប្រទេសអូស្ត្រាលី បានវិភាគសំណាករបស់ Itokawa ដែលត្រូវបានប្រមូលដោយយានអវកាសជប៉ុន Hayabusa ហើយបានត្រឡប់មកផែនដី វិញកាលឆ្នាំ ២០១០៕