ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ថា ទីភ្នាក់ងារអវកាសរុស្ស៊ី ឈ្មោះថា Roscosmos បានឲ្យដឹងកាលពីព្រឹកថ្ងៃអាទិត្យនេះថា យានអវកាសរុស្ស៊ីចំនួន ១គ្រឿង ក្នុងបេសកកម្មនាំយកនាវិកមកកាន់ផែនដីវិញ នូវនាវិកបានចូលចតនៅលើស្ថានីយ អវកាសអន្តរជាតិ ហៅកាត់ថា (ISS) ហើយ ។
យាន Soyuz MS-23 ដែលបានបាញ់បង្ហោះឡើង ចេញពីមជ្ឈមណ្ឌលអវកាស Baikonour ក្នុងប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃសុក្រ គឺដើម្បីនាំយកអវកាសយានិករុស្ស៊ី Sergey Prokopyev និង Dmitry Petelin និងអវកាសយានិកអាមេរិក Francisco Rubio មកកាន់ភពផែនដីយើងវិញ នៅក្នុងខែកញ្ញាខាងមុខ ។
អ្នកទាំង៣ត្រូវបញ្ចប់បេសកកម្ម នៅក្នុងខែមីនា ។ ពួកគេត្រូវបានទុកចោលនៅក្នុងលំហ បន្ទាប់ពីប្រព័ន្ធត្រជាក់នៃកន្សោម យានអវកាស Soyuz MS-22 របស់ពួកគេបានចាប់ផ្តើម លេចធ្លាយកាលពីពីរខែមុន ។ យាន Soyuz MS-22 ឥឡូវនេះនឹងត្រូវនាំយកមកវិញ ដោយគ្មានមនុស្សបើកនៅខែក្រោយ ។
ទីភ្នាក់ងារ Roscosmos បានឲ្យដឹងនៅលើវេទិកាផ្ញើសារ Telegram ថា “ថ្ងៃនេះនៅម៉ោង៣និង៥៨ នាទី ម៉ោងនៅទីក្រុងម៉ូស្គូ ត្រូវនឹងម៉ោង ០០និង៥៨នាទីម៉ោងសកល យានអវកាសគ្មានមនុស្សបើក Soyuz MS-23 បានចូលចតទៅកាន់ម៉ូឌុល Poisk នៃស្ថានីយ៍អវកាសអន្តរជាតិ តាមរបៀបស្វ័យប្រវត្តិ” ។
គួរបញ្ជាក់ថា ម៉ូឌុល Poisk គឺជាម៉ូឌុលចតនៅស្ថានីយ ISS ។
លោក Yuri Borisov នាយកប្រតិបត្តិនៃទីភ្នាក់ងារ Roscosmos បានលើកឡើងថា ការដើរលំហអាកាសបន្ទាប់ របស់អវកាសយានិករុស្ស៊ីនៅស្ថានីយ៍ នឹងប្រព្រឹត្តទៅនៅខែមេសា ឬឧសភា ។
ទីភ្នាក់ងាររុស្ស៊ីបានរាយការណ៍ថា យាន Soyuz MS-23 បានផ្ទុកទំនិញបន្ថែមទម្ងន់ ៤២៩គីឡូក្រាម ទៅកាន់ស្ថានីយ ដែលត្រូវការដើម្បីពង្រីក បេសកកម្មរបស់អវកាសយានិក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា