ព័ត៌មានអន្តរជាតិ

សមរភូមិទីក្រុង Bakhmut អាចដួលរលំចំពេលការដកថយ របស់អ៊ុយក្រែន

គៀវ៖ ទីក្រុង Bakhmut ភាគខាងកើតដែលរងការបំផ្លិចបំផ្លាញ ដោយសង្រ្គាម អាចនឹងធ្លាក់មកលើកងកម្លាំងរុស្ស៊ី ដោយមន្ត្រីក្រុងគៀវ បានឲ្យដឹងថា យោធារបស់ខ្លួនកំពុងសញ្ជឹងគិត អំពីការដកកងទ័ពចេញពីទីក្រុង ដែលបានក្លាយជានិមិត្តរូប នៃការតស៊ូរបស់អ៊ុយក្រែន។

លោក Alexander Rodnyansky ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន វូលូឌីមៀ ហ្សេឡិនស្គី បានប្រាប់ CNN ថា យោធារបស់ទីក្រុងគៀវ គឺ “ច្បាស់ណាស់នឹងថ្លឹងថ្លែង នូវជម្រើសទាំងអស់”។ លោក​បាន​បន្ត​ថា “រហូត​មក​ដល់​ពេល​នេះ ពួក​គេ​បាន​កាន់​កាប់​ទីក្រុង ប៉ុន្តែ​ប្រសិន​បើ​ចាំបាច់ ពួក​គេ​នឹង​ដក​ថយ​ជា​យុទ្ធសាស្ត្រ​”។

ទីក្រុង Bakhmut គឺជា​កន្លែង​ប្រយុទ្ធ​ដ៏​ខ្លាំងក្លា​បំផុត​មួយ​ក្នុង​សង្គ្រាម​ មិន​ធ្លាប់មាន​ចាប់តាំងពី​ជម្លោះ​ បាន​ចាប់ផ្តើម​កាលពី​ជាង​មួយ​ឆ្នាំមុន​។ ការ​ប៉ះ​ទង្គិច​កាន់​តែ​ខ្លាំង​ឡើង​ ក្នុង​ពេល​ថ្មីៗ​នេះ​រវាង​កង​កម្លាំង​រុស្ស៊ី និង​អ៊ុយក្រែន នៅ​ជុំវិញ​ទីក្រុង​ឧស្សាហកម្ម។ លោក ហ្សេឡិនស្គី បានប្តេជ្ញាការពារ Bakhmut ដោយថាវាមានសារៈសំខាន់ណាស់ ក្នុងការរក្សាទីក្រុងនេះ ប៉ុន្តែមិនមានតម្លៃនោះទេ។

ទីក្រុង​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​តំបន់ Donetsk របស់​អ៊ុយក្រែន​បាន​ក្លាយ​ជា​និមិត្តរូប​សំខាន់​ នៃ​ការ​តស៊ូ។ ទីក្រុងនេះបាន​ក្លាយ​ជា​សម្រែក​ប្រយុទ្ធ​ថ្នាក់​ជាតិ សម្រាប់​ទាហាន​អ៊ុយក្រែន អ្នក​គាំទ្រ​របស់​ពួកគេ និង​សូម្បី​តែលោក ហ្សេឡិនស្គី។

សម្រាប់​រុស្ស៊ី ទីក្រុង​នេះ​បើ​ត្រូវ​បាន​គេ​ចាប់​យក​បាន នោះ​នឹង​ដើរ​តួនាទី​ជា​ជំហាន​មួយ​ ឆ្ពោះ​ទៅ​រក​គោលដៅ​ដណ្តើម​យក​តំបន់ដុនបាស ទាំងមូល ដែល​ជា​សង្គ្រាម​ដែល​ប្រធានាធិបតី​រុស្ស៊ី​លោក វ្លាឌីមៀ ពូទីន បាន​កំណត់​ក្នុង​គោល​បំណង​នៅ​ពេល​ដែល​លោក​បាន​ចាប់​ផ្តើម​ការ​លុកលុយ​ កាលពី​ខែ​កុម្ភៈ​មុន​៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top