ព័ត៌មានអន្តរជាតិ

មេបញ្ជាការកំពូលអាមេរិក ចូលរួមពាក់ព័ន្ធសមយុទ្ធយោធា ដែលរៀបចំឡើង ក្នុងប្រទេសអ៊ុយក្រែន

បរទេស៖យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា មេបញ្ជាការកំពូលនៃមន្ទីរប៉ង់តាហ្គោន បានធ្វើដំណើរទៅដល់មូលដ្ឋានទ័ព ដែលស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់ គឺជាទីតាំងដែលជាកន្លែងមើលការខុសត្រូវ កិច្ចការងារហ្វឹកហាត់យោធាអ៊ុយក្រែន។

មេបញ្ជាការកំពូលលោក Mark Milley បានធ្វើដំណើរមកដល់ Wiesbaden កាលពីថ្ងៃព្រហស្បតិ៍មកម្ល៉េះ ខណៈដែលអាមេរិកត្រូវបានគេមើលឃើញថា បានដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចការងាររៀបចំ ធ្វើសមយុទ្ធយោធាធំមួយនៅអ៊ុយក្រែន។

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ ធ្វើឡើងទាំងដែលអាមេរិក នៅតែបន្តអះអាងថារដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន នឹងមិនមានការចូលរួមពាក់ព័ន្ធដោយផ្ទាល់ ជាមួយនឹងរដ្ឋាភិបាលទីក្រុងគៀវ នៅក្នុងជម្លោះជាមួយនឹងប្រទេសរុស្សីឡើយ។

គួរឲ្យដឹងដែរថាសមយុទ្ធយោធា ដែលត្រូវបានធ្វើឡើងកាលពីសប្តាហ៍កន្លងទៅនោះ បានរៀបចំដំណើរការឡើងនៅក្នុងប្រទេសអ៊ុយក្រែន ហើយជឿជាក់ថានឹងអាចអូសបន្លាយ រយៈពេលជាច្រើនថ្ងៃបន្ថែមទៀត៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top