គណៈកម្មការពាណិជ្ជកម្ម សហព័ន្ធអាមេរិក (FTC) បានផ្ញើសំបុត្រជាច្រើនច្បាប់ ទៅកាន់ Twitter បន្ទាប់ពីការកាន់កាប់ក្រុមហ៊ុន របស់លោក Elon Musk រួមទាំងការទាមទារ ឱ្យលោកប្រគល់ឈ្មោះអ្នកកាសែត ដែលគាត់បាន ផ្តល់ឯកសារ ផ្ទៃក្នុងទៅឱ្យ, នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយ ដោយសមាជិកសភា សាធារណរដ្ឋកាលពីថ្ងៃអង្គារ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា របាយការណ៍ របស់គណៈកម្មាធិការតុលាការសភា ដែលគ្រប់គ្រងដោយបក្ស សាធារណរដ្ឋបាននិយាយថា ក្នុងរយៈពេលបីខែបន្ទាប់ពី លោក Musk បានកាន់កាប់ Twitter ក្នុងខែតុលា FTC បានផ្ញើលិខិតជាច្រើន ដែលមានការទាមទារជាក់លាក់ជាង ៣៥០ សម្រាប់ជាព័ត៌មាន ។
នៅក្នុងសំបុត្រដំបូង របស់ខ្លួនបន្ទាប់ពីលោក Musk បានចាប់ផ្តើមចេញផ្សាយ ព័ត៌មានលម្អិតនៃការសហការពីមុនរបស់ Twitter ជាមួយសេតវិមាន និងទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់អាមេរិក, FTC បានទាមទារឱ្យក្រុមហ៊ុន “កំណត់អត្តសញ្ញាណ អ្នកសារព័ត៌មានទាំងអស់ និងសមាជិកផ្សេងទៀតនៃប្រព័ន្ធផ្សព្វផ្សាយ” ដែលទទួលបានសិទ្ធិ ចូលប្រើឯកសារផ្ទៃក្នុង ។
សំបុត្រផ្សេងទៀតបានស្នើឱ្យ Twitter ប្រគល់ទំនាក់ទំនងផ្ទៃក្នុងទាំងអស់ “ទាក់ទងនឹងលោក Elon Musk” ហើយទាមទារឱ្យលោក Musk ពន្យល់ពីមូលហេតុដែល Jim Baker ដែលជាអតីតទីប្រឹក្សា FBI ដែលបានជួយ Twitter ត្រួតពិនិត្យរឿងកុំព្យូទ័រយួរដៃ Hunter Biden ក្នុងឆ្នាំ ២០២០ ត្រូវបានបណ្តេញចេញ បន្ទាប់ពីការកាន់កាប់ របស់មហាសេដ្ឋីរូបនេះ ៕
ប្រែសម្រួលៈ ណៃ តុលា