បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាប្រធានាធិបតីចិនលោក Xi Jinping នឹងតាមផែនការត្រូវជួបពិភាក្សាគ្នាជាមួយនឹងសមភាគីលោកប្រធានាធិបតី Vladimir Zelensky ជាលើកដំបូងគិតចាប់តាំងតែពីមានជម្លោះជាមួយនឹងរុស្សី។
ប្រភពដដែលបានបន្តទៀតថាជំនួបគ្នាតាមរយៈវិដេអូខលនឹងអាចធ្វើឡើងបន្ទាប់ពីដំណើរបំពេញទស្សនកិច្ចរបស់លោក Xi ទៅកាន់ទីក្រុងមូស្គូដើម្បីជួបជាមួយនឹងប្រធានាធិបតីរុស្សីលោក Vladimir Putin នៅដើមសប្តាហ៍ក្រោយ។
ការធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្សីលើកនេះត្រូវបានគេមើលឃើញដែរថាបានជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូងដែលធ្វើឡើងក្រោយពេលលោក Xi បានទទួលសេចក្តីទុកចិត្តបោះឆ្នោត ជាប្រធានាធិបតីចិន អាណត្តិទី៣ របស់លោកហើយក៏ជាអ្វីដែលចិនតែងតែបង្ហាញជំហក្នុង ការចូលរួមពាក់ព័ន្ធនិងជួយសម្របសម្រួល ដល់កិច្ចការងារចរចាដើម្បីសន្តិភាពនៅអ៊ុយក្រែននោះផងដែរ។
រំលឹកដែរថាកាលពីខែកុម្ភៈកន្លងមកចិនធ្លាប់បានបង្ហាញនូវផែនការទាំង១២ចំណុចដែលជាផ្លូវដែលអាចឆ្ពោះទៅរងសន្តិភាពនៅអ៊ុយក្រែនដោយក្នុងនោះរដ្ឋាភិបាលក្រុងប៉េកាំងក៏បានអំពាវនាវឲ្យសហគមនអន្តរជាតិក្នុងការខិតខំចូលរួមកិច្ចការងារដើម្បីដោះស្រាយបញ្ហានេះជាមួយគ្នាផងដែរ៕
ប្រែសម្រួល៖ស៊ុនលី