បរទេស៖ កងទ័ពអាកាសសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា ក្រុមសម្ពន្ធមិត្តកំពុងតែស្ថិតនៅ ក្នុងដំណាក់កាលដំបូងនៃការសម្របសម្រួលគ្នា ជាមួយនឹងកងកម្លាំងអវកាសសហរដ្ឋអាមេរិក ដែលទើបបានបង្កើតឡើង នាពេលថ្មីៗនេះ។
យោងទៅតាមសេចក្តីប្រកាសមួយ ធ្វើឡើងដោយកងកម្លាំងទ័ពអាកាសអាមេរិក លោក Darren Whiteley ជាមន្ត្រីកងទ័ពអាកាសមកពីអង់គ្លេស និងអនុប្រធាននៃមជ្ឈមណ្ឌលប្រតិបត្តិការអវកាសរួមគ្នា នាពេលថ្មីៗនេះ បានចុះហត្ថលេខាលើបទបញ្ជារួមគ្នាដំបូងមួយ សម្រាប់អង្គភាពទីបញ្ជាការ កងកម្លាំងអវកាស។
លោក បានមានប្រសាសន៍ថា “ភាពជាដៃគូសម្ពន្ធមិត្ត គឺមានសារៈសំខាន់ខ្លាំងណាស់ ចំពោះកិច្ចការពារទ្រព្យសម្បត្តិនៅប្រទេសរបស់យើង និងក្នុងលំហ។ ការគម្រាមកំហែង កំពុងតែរីកកាន់តែធំ ហើយសហប្រតិបត្តិការអន្តរជាតិ មានសារៈសំខាន់ ចំពោះការពង្រឹងទប់ទល់ប្រឆាំងអ្នកប្រព្រឹត្តទង្វើជាសត្រូវ។ តាមរយៈភាពជាដៃគូទាំងនេះ យើងអាចនឹងពង្រីកឥទ្ធិពល ដ៏ស៊ីជម្រៅជាច្រើន ដែលយើងអាចមាន ចំពោះការគម្រាមកំហែងកំពុងតែមាន”៕
ប្រែសម្រួល៖ ប៉ាង កុង