បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រទេសរុស្សីបានធ្វើការប្រកាសព្រមានក្នុងការកំទេចយន្តហោះចម្បាំងទាំងឡាយ ណា ដែលនឹងត្រូវផ្គត់ផ្គង់ទៅឲ្យប្រទេសអ៊ុយក្រែនដោយក្រុមសម្ព័ន្ធមិត្តរបស់ពួកគេបន្ទាប់ពីសមាជិករបស់អង្គការណាតូចំនួន២ប្រទេសបានសន្យានឹងជួយគាំទ្រយន្តហោះចម្បាំងឲ្យរដ្ឋាភិបាលទីក្រុងគៀវ។
គួរឲ្យដឹងដែរថាប្រទេសស្លូវ៉ា គីបាន ក្លាយទៅជាប្រទេស នៃសមាជិកអង្គការណាតូទី២ ហើយដែលបានប្រកាសសន្យា ជួយផ្គត់ផ្គង់យន្តហោះចម្បាំងប្រភេទ MiG-29 ទៅឲ្យប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រ ម្សិលមិញបន្ទាប់ ពីប្រទេសប៉ូឡូញ ទាំងដែលយន្តហោះទាំងនោះត្រូវបានប្រកាស បញ្ឈប់ការប្រើប្រាស់កាល ពីឆ្នាំទៅនឹងមិនត្រូវបានប្រើប្រាស់ទៀតឡើយមកទល់ពេលនេះ។
ប្រទេសអ៊ុយក្រែនតែងតែបានធ្វើការអំពាវនាវ ឲ្យបណ្តាប្រទេសលោកខាងលិចក្នុងការ ជួយផ្គត់ផ្គង់យន្តហោះចម្បាំង ទំនើបៗ មកឲ្យកងកម្លាំងយោធារបស់ខ្លួនក្នុងការប្រឈមមុខទៅនឹងការធ្វើសង្គ្រាមប្រឆាំងរុស្សី។
ជាការឆ្លើយតបអ្នកនាំពាក្យវិមានក្រមឡាំងលោក Dmitry Peskov បានធ្វើការថ្កោលទោសចំពោះផែនការ ផ្គត់ផ្គង់យន្តហោះ ចម្បាំងទាំងនោះដោយនិយាយថាយន្តហោះចម្បាំង ទាំងឡាយណាដែលនឹងត្រូវផ្តល់ឲ្យអ៊ុយក្រែន នោះនឹងត្រូវកំទេចហើយទោះជាយ៉ាងណាក៏គ្មានឥទ្ធិពលអ្វីដែលប្រតិបត្តិការពិសេសរបស់រុស្សីនៅអ៊ុយក្រែនដែរ៕
ប្រែសម្រួល៖ស៊ុនលី