ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ថា កាលពីចុងសប្តាហ៍ ក្រុមបាតុកររាប់ពាន់នាក់បានអំពាវនាវសម្រាប់ការដកទ័ពរបស់ប្រទេសបារាំង ចេញពីអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា(NATO) និងការបញ្ឈប់ជាបន្ទាន់ចំពោះការប្រគល់អាវុធទៅឱ្យប្រទេសអ៊ុយក្រែន ។
យោងតាមបណ្តាញព័ត៌មាន RIA Novosti “ការដើរក្បួនដើម្បីសន្តិភាព” បានចាប់ផ្តើមនៅជិតទីតាំងនៃព្រឹទ្ធសភាបារាំង ។ បាតុករបានគ្រវីបដា ដែលបានដាក់ថា “បញ្ឈប់សង្គ្រាមដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងអង្គការ NATO” និង “សេរីភាព ការពិត ការតស៊ូ” ។
អ្នកប្រើប្រាស់បណ្តាញអ៊ីនធើរណេតបារាំង ជាច្រើននាក់បានបង្ហោះរូបភាព និងវីដេអូនៃការហែក្បួននេះលើបណ្ដាញសង្គម។
“មនុស្សរាប់ពាន់នាក់កំពុងស្នើសុំឱ្យ (បារាំង) ដកខ្លួនចេញពីអង្គការ NATO សហភាពអឺរ៉ុប និងអង្គការទាំងអស់ដែលដកហូតអធិបតេយ្យភាពជាតិរបស់យើង!” ។ នេះបើតាមការលើកឡើងរបស់អ្នកប្រើបណ្ដាញសង្គមម្នាក់បានបញ្ជាក់ដូច្នេះ ។
អ្នកអត្ថាធិប្បាយភូមិសាស្ត្រនយោបាយលីបង់ឯករាជ្យលោក Sarah Abdallah បានសួរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកស្រីថា “ហេតុអ្វីបានជាប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមិនអើពើនឹងការតវ៉ាប្រឆាំងនឹងអង្គការ NATO ដែលកើតឡើងនៅថ្ងៃនេះនៅទីក្រុងប៉ារីសប្រទេសបារាំង?” ។
គួរបញ្ជាក់ថា នេះជាការដង្ហែក្បួនលើកទី២ដែលរៀបចំក្នុងឆ្នាំ២០២៣នេះ នៅក្នុងទីក្រុងប៉ារីស ដែលទាមទារឱ្យបារាំងដកខ្លួនចេញពីអង្គការ NATO នេះបើយោងតាមសេចក្តីរាយការណ៍ចេញផ្សាយដោយគេហទំព័រ Solidarity and Progress ។
យោងតាមគេហទំព័រខាងលើបានផ្សព្វផ្សាយថា មានមនុស្សជិត១.០០០នាក់បានធ្វើបាតុកម្មកាលពីថ្ងៃទី២៦ កុម្ភៈ ដើម្បីរំលាយអង្គការ NATO ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា