ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ទទួល​បាន​ការ​បង្កើន ​កាំភ្លើងធំ​ជា​ចាំបាច់ ​ក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី

គៀវ៖ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទបានប្រកាស ជំនួយគ្រាប់រំសេវសំខាន់ៗ សម្រាប់យោធាអ៊ុយក្រែន ដែលចាំបាច់ប្រើប្រាស់ ក្នុងសង្គ្រាមជាមួយរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

សំណើរបស់សហភាពអឺរ៉ុប ដើមឡើយត្រូវបានជំរុញ ដោយប្រធានគោលនយោបាយការបរទេស របស់ខ្លួនគឺលោក Josep Borrell ត្រូវបានគេរាយការណ៍ថា បានអនុម័តដោយប្រទេស សមាជិកចំនួន ១៨ ហើយនឹងប្រគល់គ្រាប់កាំភ្លើងធំចំនួន ១លានគ្រាប់នៃប្រភេទគ្រាប់ ១៥៥មីលីម៉ែត្រទៅឱ្យអ៊ុយក្រែនក្នុងរយៈពេល ១២ខែខាងមុខ។

មុន​ថ្ងៃ​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​សង្គ្រាម​ជាមួយ​រុស្ស៊ី​នៅ​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ លោក Borrell មាន​ឆន្ទៈ​ក្នុង​ការ​ផ្តល់​គ្រាប់ ​រំសេវ​បន្ថែម​ទៀត សម្រាប់​អ៊ុយក្រែន។ លោកបានហៅវាថាជា “បញ្ហាបន្ទាន់បំផុត” ក្នុងអំឡុងពេលការប្រមូលផ្តុំមុន របស់រដ្ឋមន្ត្រីការបរទេស សហភាពអឺរ៉ុប ដោយបន្ថែមថា “ប្រសិនបើយើងបរាជ័យលើបញ្ហានោះ លទ្ធផលនៃសង្គ្រាមនឹងមានគ្រោះថ្នាក់” ។

ក្រសួងការពារជាតិអាមេរិក (DOD) កាលពីថ្ងៃចន្ទបានប្រកាសកញ្ចប់សុវត្ថិភាពថ្មីចំនួន ៣៥០លានដុល្លារ ដែលរួមមានកាំភ្លើងធំ ១៥៥ មីលីម៉ែត្រសម្រាប់ប្រព័ន្ធ HIMARS (High-Mobility Artillery Rocket Systems) កាំជ្រួចប្រឆាំងវិទ្យុសកម្មល្បឿនលឿន (HARMs) ប្រព័ន្ធកាំភ្លើងធំ និងកាំភ្លើងត្បាល់ ៨១មីលីម៉ែត្រ និង ៦០មីលីម៉ែត្រ កាំភ្លើងធំ អាវុធធុនតូច ទូកតាមទន្លេ និងនាវាដឹកប្រេងធុនធ្ងន់ជាដើម៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top