យេរ៉ូសាឡឹម៖ បាតុកររាប់ម៉ឺននាក់បានដើរតាមដងផ្លូវក្នុងទីក្រុងនានាទូទាំងប្រទេសអ៊ីស្រាអែល នៅក្នុងការផ្ទុះកំហឹងដោយឯកឯង បន្ទាប់ពីនាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបណ្តេញរដ្ឋមន្ត្រីការពារជាតិរបស់លោកចេញពីតំណែងភ្លាមៗ ចំពោះការប្រឈមនឹងផែនការផ្លាស់ប្តូរប្រព័ន្ធតុលាការរបស់លោក។
ក្រុមបាតុករនៅទីក្រុង Tel Aviv ជាច្រើននាក់ពាក់ទង់ជាតិអ៊ីស្រាអែលពណ៌ខៀវ និងស បានបិទផ្លូវហាយវ៉េដ៏សំខាន់មួយកាលពីល្ងាចថ្ងៃអាទិត្យ និងបានដុតភ្លើងដ៏ធំ ខណៈដែលប៉ូលិស បានប៉ះទង្គិចជាមួយក្រុមបាតុករ ដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅផ្ទះឯកជនរបស់លោក ណេតាន់យ៉ាហ៊ូ ក្នុងទីក្រុងយេរ៉ូសាឡឹម។
ភាពចលាចលនេះបានធ្វើឱ្យកាន់តែស៊ីជម្រៅនូវវិបត្តិរយៈពេលជាច្រើនខែជុំវិញផែនការរបស់លោក ណេតាន់យ៉ាហ៊ូ ក្នុងការរៀបចំឡើងវិញនូវប្រព័ន្ធតុលាការ ដែលបានបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំ មេដឹកនាំអាជីវកម្ម និងអតីតប្រធានសន្តិសុខ និងបានទាក់ទាញការព្រួយបារម្ភពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជិតស្និទ្ធផ្សេងទៀត។
ការបណ្តេញរដ្ឋមន្រ្តីការពារជាតិលោក Yoav Gallant ដោយលោក ណេតាន់យ៉ាហ៊ូ បានបង្ហាញសញ្ញាថា នាយករដ្ឋមន្ត្រី និងសម្ព័ន្ធមិត្តរបស់លោក នឹងប្រឈមមុខគ្នានៅសប្តាហ៍នេះ ជាមួយនឹងផែនការផ្លាស់ប្តូរ។
លោក Gallant បានក្លាយជាសមាជិកជាន់ខ្ពស់ដំបូងគេនៃគណបក្ស Likud ដែលកំពុងកាន់អំណាច ដែលបាននិយាយប្រឆាំងនឹងបក្ស ដោយលើកឡើងថា ការបែកបាក់ដ៏ជ្រៅកំពុងគំរាមកំហែងធ្វើឱ្យយោធាចុះខ្សោយ។
ប៉ុន្តែខណៈដែលក្រុមបាតុករបើកឡានជន់លិចតាមដងផ្លូវរហូតដល់យប់ជ្រៅ រដ្ឋមន្ត្រី Likud បានចាប់ផ្តើមបង្ហាញពីឆន្ទៈក្នុងការបុកហ្វ្រាំង។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោក Micky Zohar ដែលជាអ្នកទុកចិត្តលោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា គណបក្សនឹងគាំទ្រលោក ប្រសិនបើលោកសម្រេចចិត្តផ្អាកការកែប្រែប្រព័ន្ធតុលាការ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានឲ្យដឹងថា មេដឹកនាំក្នុងក្រុមចម្រុះរបស់លោក ណេតាន់យ៉ាហ៊ូ នឹងជួបគ្នានៅព្រឹកថ្ងៃចន្ទ។ នៅថ្ងៃក្រោយមក ចលនាតវ៉ានៅមូលដ្ឋានបានឲ្យដឹងថា ខ្លួននឹងធ្វើមហាបាតុកម្មមួយទៀតនៅខាងក្រៅវិមាន Knesset ឬសភាក្នុងក្រុងយេរ៉ូសាឡឹម៕
ប្រែសម្រួល ឈូក បូរ៉ា