ភ្នំពេញ៖ខេមរសហព័ន្ធតេក្វាន់ដូបានបញ្ជូន គ្រូបង្វឹក មន្តី្របច្ចេកទេស និងកីឡាករ-កីឡាការិនីចំនួន ២២ នាក់នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ទៅធ្វើការហ្វឹកហាត់បច្ចេកទេសនៅសាធារណរដ្ឋកូរ៉េរយៈពេល១ខែពេញដើម្បីបង្កើនសមត្ថភាព បច្ចេកទេស និងបទពិសោធន៍បន្ថែមត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជានាខែឧសភា ឆ្នាំ២០២៣ខាងមុខ។
លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធតេក្វាន់ដូ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន ខេមរសហព័ន្ធតេក្វាន់ដូបានមានប្រសាសន៍ថា គ្រូបង្វឹក មន្តី្របច្ចេកទេស និងកីឡាករ-កីឡាការិនីជម្រើសជាតិតេក្វាន់ដូWTចំនួន២២នាក់ទៅហ្វឹកហាត់នៅសាធារណរដ្ឋកូរ៉េចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ដើម្បីបង្កើនសមត្ថភាព បច្ចេកទេស និងបទពិសោធន៍បន្ថែម ត្រៀមចូលរួមការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជានាខែឧសភា ឆ្នាំ២០២៣ខាងមុខ។
លោកអគ្គលេខាធិការបន្តថា សម្រាប់ហ្វឹកហាត់ដោយមានកីឡាការិនីរស់នៅក្រៅ ២ រូបមកពីប្រទេសបរាំង និងអាមេរិក គឺកីឡាការិនី ម៉ម ជូលី (ខ្មែរកាត់បារាំង) និងកីឡាការិនី ថិប កាសាន់ទ្រេនីកូល (ខ្មែរកាត់អាមេរិក)។ ការចេញហ្វឹកហាត់លើកនេះត្រៀមការប្រកួតកីឡា SEA GAMES 2023 កាន់តែជិត មកដល់ហើយ ដូច្នេះខេមរាសហព័ន្ធតេក្វាន់ដូ WT ត្រៀមបញ្ជូនកីឡាករ-កីឡាការិនីលើប្រភេទទម្ងន់មានសក្តានុពលរបស់កម្ពុជា។
លោកបានបន្ថែមទៀតថា ការចេញទៅហ្វឹកហាត់លើកនេះដោយមានឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA GAMES 2023។ គ្រូបង្វឹក អាជ្ញាកណ្តាល និងកីឡាករ-កីឡាការិនីចំនួន ២២ នាក់រួមមានគ្រូបង្វឹក ១ នាក់ មន្តី្របច្ចេកទេស ២ នាក់ និងកីឡាករ-កីឡាការិនី ១៩ នាក់ក្នុងនោះកីឡាការិនី ៩រូប និងកីឡាករ ១០ រូប៕ដោយ៖លី ភីលីព