ប៉េកាំង៖អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន តវ៉ាយ៉ាងខ្លាំង និងថ្កោលទោស ចំពោះការរៀបចំរបស់សហរដ្ឋអាមេរិក សម្រាប់អ្វីដែលគេហៅថា “ការឆ្លងកាត់” របស់មេដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-wen តាមរយៈសហរដ្ឋអាមេរិក ដោយបន្ថែមថា ប្រទេសចិន នឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។
អ្នកនាំពាក្យលោកស្រី Mao Ning បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងការសាកសួរ អំពីអ្វីដែលហៅថាការឈប់សម្រាករបស់ Tsai នៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោកស្រី Mao បានលើកឡើងថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះគ្រប់ទម្រង់នៃទំនាក់ទំនងផ្លូវការរវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់។លោកស្រីបានបន្ដថា “យើងប្រឆាំងដាច់ខាតរាល់ដំណើរទស្សនកិច្ចរបស់មេដឹកនាំតំបន់តៃវ៉ាន់ ទៅកាន់សហរដ្ឋអាមេរិកក្នុងនាមណាមួយ ឬក្រោមលេសអ្វីក៏ដោយ ហើយយើងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលមានទម្រង់ទំនាក់ទំនងផ្លូវការណាមួយជាមួយតំបន់តៃវ៉ាន់”។
លោកស្រី Mao បានកត់សម្គាល់ថា ដោយមិនអើពើនឹងការរារាំងដ៏ខ្លាំងក្លារបស់ប្រទេសចិន និងការព្រមានម្តងហើយម្តងទៀត សហរដ្ឋអាមេរិកបានទទូចឱ្យរៀបចំអ្វីដែលគេហៅថា “ការឆ្លងកាត់” សម្រាប់លោកស្រី Tsai ទៅកាន់ប្រទេសនេះ។លោក Mao បានបន្ថែមថា “ប្រទេសចិនតវ៉ាយ៉ាងខ្លាំងនិងថ្កោលទោស ចំពោះរឿងនោះ ដោយលោកស្រីបានចង្អុលបង្ហាញថា សហរដ្ឋអាមេរិក និងអាជ្ញាធរតៃវ៉ាន់ បានធ្វើការរៀបចំ សម្រាប់លោកស្រី Tsai ដើម្បីចូលរួមក្នុងសកម្មភាពនយោបាយនៅក្នុងសហរដ្ឋអាមេរិក ហើយបានចាត់ទុកវាជា “ដំណើរឆ្លងកាត់” ដើម្បីបង្កើនការផ្លាស់ប្តូរជាផ្លូវការ និងទំនាក់ទំនងសំខាន់ៗជាមួយតំបន់តៃវ៉ាន់។
លោកស្រីបានអះអាងថា “នេះរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំងបីរបស់ចិន-អាមេរិក ធ្វើឱ្យខូចអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិនយ៉ាងធ្ងន់ធ្ងរ ហើយផ្ញើសារខុសធ្ងន់ធ្ងរទៅកាន់អ្នកបំបែកខ្លួនឯករាជ្យតៃវ៉ាន់”។អ្នកនាំពាក្យរូបនេះបានបន្ថែមថា “នេះបង្ហាញជាថ្មីម្តងទៀតថា មូលហេតុជាមូលដ្ឋាននៃភាពតានតឹងថ្មីនៅច្រកសមុទ្រតៃវ៉ាន់ គឺការព្យាយាមម្តងហើយម្តងទៀតរបស់អាជ្ញាធរតៃវ៉ាន់ ដើម្បីទាមទារការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់ “ឯករាជ្យភាពតៃវ៉ាន់” និងការពិតដែលថាមួយចំនួននៅក្នុងសហរដ្ឋអាមេរិក មានបំណងប្រើប្រាស់តៃវ៉ាន់ដើម្បីទប់ស្កាត់ប្រទេសចិន”៕ប្រែសម្រួល ឈូក បូរ៉ា