(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) បានចេញសេចក្តីជូនដំណឹង ស្ដីពីការផ្តល់សំបុត្រឥតគិតថ្លៃចំនួន៣០០០សំបុត្រ សម្រាប់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសចូលទស្សនាពិធីបើក និងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការអំពាវនាវឱ្យប្រជាពល រដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេសមកលេងស្រុកកំណើត ដើម្បីបានឃើញពីការអភិវឌ្ឍជាក់ស្ដែងនៅកម្ពុជា និងយោងតាម ស្មារតីនៃវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» គណៈកម្មាធិការជាតិរៀប ចំការប្រកួត កីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ (គ.ជ.ប.អ.) នឹងរៀបចំផ្តល់ ជូននូវ សំបុត្រឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសចំនួន៣០០០សំបុត្រ ដើម្បីអាចចូលទស្សនាពិធីបើក ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ និងពិធីបិទនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។
សូមប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសទាំងអស់ ចុះឈ្មោះតាមប្រព័ន្ធអនឡាញតាមរយៈគេហទំព័រ www.overseaskhmer2023.com ។
ក្រោយពេលបានចុះឈ្មោះរួចរាល់ ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសអាចមកទទួល យកសំបុត្រដោយផ្ទាល់ ឬអាចស្នើសុំឱ្យបងប្អូន សាច់ញាតិ ឬមិត្តភក្ដិដែលរស់នៅក្នុងប្រទេសកម្ពុជា មកទទួលយកជំនួសបានពីបញ្ជរផ្តល់ ជូនសំបុត្រឥតគិតថ្លៃ ដែលមានទីតាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ចាប់ពីថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០២៣ នៅរៀងរាល់ថ្ងៃ និងម៉ោងធ្វើការ ពេលព្រឹក ចាប់ពីម៉ោង៨៖៣០នាទី ដល់១១៖៣០នាទីព្រឹក និងពេលរសៀល ចាប់ពីម៉ោង២៖៣០នាទី ដល់់៥៖៣០នាទីល្ងាច៕