បរទេស ៖ អនុរដ្ឋមន្ត្រី ការពារជាតិអាមេរិក លោកស្រី Kathleen Hicks បាននិយាយថា មន្ទីរបញ្ចកោណ នឹង ប្រើប្រាស់មេរៀន ដែលទទួលបានពីការ ផ្គត់ផ្គង់ ជំនួយយោធាដល់អ៊ុយក្រែន ដើម្បីជួយកោះតៃវ៉ាន់ ក្នុងជម្លោះដ៏មានសក្តានុពល ជាមួយប្រទេសចិន ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី Hicks បានប្រាប់ សារព័ត៌មាន Bloomberg នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយ កាលពីថ្ងៃពុធថា “មានគុណសម្បត្តិជាច្រើន ដែលយើងទទួលបាន សម្រាប់ការប្រកួតប្រជែង នៅប៉ាស៊ីហ្វិកដ៏មានសក្តានុពល ពីជម្លោះអ៊ុយក្រែន ។ យើងកំពុងរៀនឥឡូវនេះ ដើម្បីពង្រីកមូលដ្ឋានឧស្សាហកម្មរបស់យើង និងសិក្សាមូលដ្ឋានឧស្សាហកម្មនោះ ដែលមានរយៈពេល ៦០ ឆ្នាំចុងក្រោយនេះ ។
លោកស្រី Hicks បានពន្យល់ថា ជម្លោះនេះបានលើកឡើងពីការលំបាក ក្នុងការផ្គត់ផ្គង់អាវុធ និងឧបករណ៍ឱ្យបានគ្រប់គ្រាន់ សម្រាប់ទីក្រុងគៀវឱ្យបានឆាប់រហ័ស ។ សហរដ្ឋអាមេរិកបានប្រើប្រាស់សិទ្ធិដក ប្រាក់របស់ប្រធានាធិបតី (PDA) ម្តងហើយម្តងទៀត ដើម្បីពន្លឿនការផ្ទេរស្តុកទៅអ៊ុយក្រែន ហើយគ្រោងនឹងធ្វើដូចគ្នានេះ ជាមួយកោះតៃវ៉ាន់ ផងដែរ ។
លោកស្រី Hicks បាននិយាយថា “យើង កំពុងគិតអំពីរបៀប ដែលយើងប្រើប្រាស់សិទ្ធិទាំងនោះនាពេលនេះ ដើម្បីបង្កើតការចែកចាយអាវុធកាន់តែលឿន និងមានសមត្ថភាពខ្ពស់ ដើម្បីផ្គត់ផ្គង់ ដល់កងកម្លាំង របស់យើងនៅប៉ាស៊ីហ្វិក” ដោយបន្ថែមថា មន្ទីរបញ្ចកោណមាន “យុទ្ធសាស្ត្រច្បាស់លាស់ ដែលផ្តោតលើប្រទេសចិន ។ ”
ទោះបីជាយ៉ាងណាក៏ដោយ អនុរដ្ឋមន្រ្តី ការពារជាតិអាមេរិករូបនេះ បានទទួលស្គាល់ថា សហរដ្ឋអាមេរិក មិនជឿថា ទីក្រុងប៉េកាំងកំពុងរៀបចំផែនការ វាយប្រហារលើកោះតៃវ៉ាន់ ជិតមកដល់ក៏ដោយ ប៉ុន្តែលោកស្រី បានអះអាងថា មន្ទីរបញ្ចកោណបានប្តេជ្ញាចិត្តថានឹង “ធ្វើឱ្យប្រាកដថា មេដឹកនាំ (ចិន) ភ្ញាក់ពីដំណេកជារៀងរាល់ថ្ងៃ ហើយនិយាយថា ថ្ងៃនេះមិនមែនជាថ្ងៃ ដើម្បីធ្វើសកម្មភាពឈ្លានពាន ដែលគំរាមកំហែងដល់ផលប្រយោជន៍ របស់សហរដ្ឋអាមេរិកនោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា