សៀមរាប ៖ ការបោះជំរុំហ្វឹកហាត់ របស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា នៅខេត្តសៀមរាប រយៈពេល៤ថ្ងៃ បានបញ្ចប់ដោយលទ្ធផល ជោគជ័យបំផុត សម្រាប់សហព័ន្ធជានឹងក្តីសង្ឃឹមខ្ពស់ ការប្រជែងដណ្តើមមេដាយ បានជូនជាតិ ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ ។
លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡា វាយកូនបាល់កម្ពុជា បានមានប្រសាសន៍ថា កម្មវិធីបោះជរុំហ្វឹកហាត់ រយៈពេល៤ថ្ងៃនេះ ជាលទ្ធផលយើងទទួលបាន លទ្ធផលល្អបំផុត ដោយអត្តពលិក ជម្រើសជាតិទាំងអស់ មានការខិតខំប្រែងប្រែងហ្វឹកហាត់ និងមានសិទ្ធិផលរីកចម្រើន គួរឲ្យកត់សម្គាល់ ធ្វើឲ្យពិបាកក្នុងសម្រេចចិត្ត ជម្រុះកីឡាករចេញមួយរូប ខណៈព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ខាងមុខនេះ សម្រាប់កម្ពុជា ដាក់បានតែកីឡាករ៥រូបចូលរួមប៉ុណ្ណោះ ដ្បិតការបោះជំរុំយើងមានកីឡាករ៦ តែយ៉ាងណាយើង ត្រូវតែមានការសម្រេចចិត្ត ជម្រុះមួយរូប ។
លោក អគ្គលេខាធិការ បានបន្តថា លោកដឹកនាំក្រុមជម្រើសជាតិ មកបោះជំរុំហ្វឹកហាត់នៅខេត្តសៀមរាបនេះ ព្រោះលោកចង់ឲ្យកីឡាករ -កីឡាការិនី មានអារម្មណ៍រីករាយ និងស្រស់ស្រាយ ពិសេស ចង់ពួកកីឡាករទាំងអស់ មើលឃើញពីភាពអស្ចារ្យ របស់អង្គរវត្តជាមោទកៈភាពកម្ពុជា ដើម្បីជាការដាសតឿនស្មារតី ដល់ពួកគាត់ឲ្យប្រកួតដោយភាពក្លាយហាន អង់អាចដណ្តើមមេដាយឲ្យបាន ជូនកម្ពុជានាំនូវមោទកៈភាពជូនប្រទេសជាតិ សហព័ន្ធ ក្រុមគ្រួសារ និងខ្លួនឯង ។
លោក អគ្គលេខាធិការ បានអះអាងថា SEA GAMES 2023នេះ ការត្រៀមខ្លួនរបស់ក្រុមជម្រើសជាតិកីឡាវាយកូនបាល់កម្ពុជា គឺធ្វើបានយ៉ាងល្អ ព្រោះយើង ទទួលបានការ ទំនុកបំរ៉ុងយ៉ាងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការជាតិ រៀបចំកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ ទាំងហ្វឹកហាត់នៅក្នុងស្រុក និងការបញ្ជូលកីឡាករចេញ ទៅប្រកួតពង្រឹងសមត្ថភាព នៅក្រៅប្រទេស ។ តាមរយៈសកម្មភាពយកចិត្ត ទុកដាក់ទំនុកបំរ៉ុង គ្រប់សកម្មភាពពីរាជរដ្ឋាភិបាល ទាំងអស់នេះហើយ ទើបបង្ក លក្ខណៈឲ្យអត្តពលិក យើងបានត្រៀមខ្លួនគ្រប់គ្រាន់ នឹងមានសង្ឃឹមខ្ពស់ សម្រាប់ការប្រជែងដណ្តើមមេដាយ ឲ្យបានជូនជាតិក្នុងនាមជាប្រទេសម្ចាស់ផ្ទះ។ អគ្គលេខាធិការខាងលើ បានដាក់គោលដៅថា SEA GAMES 2023 លើកទី៣២ នឹងដណ្តើមមេដាយជូនជាតិ ក្នុងកម្រិតណាមួយយ៉ាងតិច២គ្រឿងសម្រាប់កម្ពុជា៕