ភ្នំពេញ៖ លោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា និងលោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយកមជ្ឈមណ្ឌល កីឡាកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញទទួលស្វាគមន៍ ដំណើរវិលត្រលប់មកកាន់មាតុប្រទេសពីសំណាក់កីឡាករ-កីឡាការិនីសីដក់ និងឈិនឡូនកម្ពុជា ទៅហ្វឹកហាត់នៅប្រទេសមីយ៉ាន់ម៉ា។
លោកបណ្ឌិត មាស សារិន បានមានប្រសាសន៍ថា ក្រុមកីឡាករ-កីឡាការិនីសីដក់ និងឈិនឡូនកម្ពុជា បានត្រឡប់មកហើយ បន្ទាប់ពីបានធ្វើការហ្វកឹហាត់ នៅប្រទេសមីយ៉ាន់ម៉ា រយៈពេល ៥ ខែ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសត្រៀម ខ្លួនចូលរួមប្រកួតនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ដោយមានចំនួន៣៦រូប ក្នុងនោះកីឡាករ -កីឡាការិនី ៣០ រូប និង គ្រូបង្វឹក៦រូប ចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ។
លោកប្រធានបានបន្តថា ការហ្វឺកហាត់នៅប្រទេសមីយ៉ាន់ម៉ា ក្រោមការសហការជាមួយសហព័ន្ធកីឡាសីដក់ និងឈិនឡូនអាស៊ី ឧបត្ថម្ភសំបុតយន្តហោះ និងសម្លៀកបំពាក់ពីគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា SEA GAMES 2023 ព្រមទំាងការគាំទ្រយ៉ាងពេញទំហឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន បានមានប្រសាសន៍ថា លោកបានអញ្ជើញទទួលស្វាគមន៍ ដំណើរវិលត្រលប់មកកាន់មាតុ ប្រទេសពីសំណាក់អត្តពលិកកម្ពុជា ប្រភេទកីឡាប្រដាល់សកល បន្ទាប់ពីបានធ្វើការបោះជំរំហ្វឹកហាត់រយៈពេល ១ខែ នៅប្រទេសកាហ្សាក់ស្ថាន ដើម្បីចូលរួមការប្រកួតកីឡា SEA GAMES 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕ ដោយ៖លី ភីលីព