ភ្នំពេញ៖ លោក សរ សិទ្ធ ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាម សហព័ន្ធ និងថ្នាក់ដឹកសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ទំាងអស់មានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះកីឡាករ-កីឡាការិនីសូហ្វតិន្នីសកម្ពុជា នឹងទទួលបានលទ្ធផលល្អ និងដណ្តើមមេដាយជូនប្រទេសជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយប្រព្រឹត្តទៅកាន់តែអស្ចារ្យ។
លោក សរ សិទ្ធ បានបន្តថា ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 នេះសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានរៀបចំរួចរាល់អស់ហើយ ទំាងទីលានប្រកួត និងកីឡាករ-កីឡាការិនីសូហ្វតិន្នីសកម្ពុជា ដើម្បីស្វាគមន៍យ៉ាងកក់ក្តៅក្រុមគណៈប្រតិភូ និងកីឡាករ-កីឡាការិនីសូហ្វតិន្នីសបរទេសដែលចូលរួម។
ការសង្ឃឹមជឿជាក់នេះ ដោយសារតែសហព័ន្ធបានបញ្ជូនកីឡាករ-កីឡាការិនីសូហ្វតិន្នីសទៅហ្វឹកហាត់នៅក្រៅប្រទេស និងការចូលរួមការប្រកួតកីឡា SEA GAMES 20១៩ នៅប្រទេសហ្វីលីពីន ដោយដណ្តើមបានមេដាយសំរិទ្ធ។
ក្រោយមក ឆ្លងកាត់តាមបទពិសោធន៍ក៏ដូចជាការ ហ្វឹកហ្វឺននៅក្រៅប្រទេសសម្រាប់បច្ចេកទេស ការប្រកួតយើងមាន សង្ឃឹមខ្ពស់ប្រៀបធៀប ទៅនឹងកីឡាករ-កីឡាការិនីសូហ្វតិន្នីសចូលរួមលើកនេះ ពីព្រោះយើងធ្លាប់វាស់ស្ទង់ជាច្រើនលើកច្រើនសារមកហើយ។
ក្រោយការវាស់ស្ទង់នេះ យើងអាចវាយតម្លៃបានថា យើងមានសង្ឃឹមខ្ពស់ក្នុងការ ដណ្តើមបានមេដាយទំាងមាស ប្រាក់ និងសំរិទ្ធ។
លោកប្រធានបានបន្ថែមថា ប្រទេសដែលមានកម្រិតការប្រកួតល្អជាងកម្ពុជា ដូចជាប្រទេសហ្វីលីពីន ថៃ និងឥណ្ឌូនេស៊ី ចំណែកប្រទេសប្រហាក់ប្រហែល វិញរួមមានប្រទេសវៀតណាម និង ឡាវ ហើយប្រទេសទីម័រ ទើបនឹងចាប់ផ្តើមលេងតែប៉ុណ្ណោះ សម្រាប់ប្រភេទសូហ្វតិន្នីស។
ការប្រកួតលើទីលានពឹងផ្អែកលើបច្ចេកទេស និងសមត្ថភាពរបស់យើង មិនប្រាកដថាប្រទេសដែលខ្លាំងពិតជាឈ្នះរហូតឡើយ ប្រសិនបើមានឱកាសយើងក៏អាចយកឈ្នះបានដែរ៕ ដោយ៖លី ភីលីព



