ព័ត៌មានអន្តរជាតិ

អ៊ីតាលី ជំរុញឱ្យពលរដ្ឋខ្លួន ចាកចេញពីអ៊ុយក្រែន ខណៈរុស្ស៊ីសម្រុកវាយប្រហារ ទាំងបាញ់មីស៊ីល និងតាមយន្តហោះ គ្មានមនុស្សបើក

បរទេស ៖ ក្រសួងការបរទេសរបស់ប្រទេសអ៊ីតាលី ប្រចាំនៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែន នៅក្នុងសារដែលបានបង្ហោះទៅកាន់គេហទំព័រ Viaggiare Sicuri កាលពីថ្ងៃចន្ទ បានណែនាំពលរដ្ឋរបស់ខ្លួន ឱ្យចាកចេញពីប្រទេសអ៊ុយក្រែន ជាបន្ទាន់ ដោយលើកឡើងពី “ការវាយប្រហារ ដោយមីស៊ីលកាន់តែខ្លាំង” ពីប្រទេសរុស្ស៊ី ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា សារនោះបានសរសេរថា “ជនរួមជាតិ ដែលនៅតែស្ថិតក្នុងប្រទេស អ៊ុយក្រែនត្រូវបានណែនាំយ៉ាងមុតមាំ ឱ្យប្រើមធ្យោបាយ ដែលអាចធ្វើទៅបាន រួមទាំងរថភ្លើង ដើម្បីចាកចេញពីប្រទេសនេះជាបន្ទាន់ នៅពេលដែលបម្រាមគោចរមិនទាន់ចូលជាធរមាន” សារនោះបានសរសេរដោយព្រមានផងដែរថា ការវាយប្រហារដោយមីស៊ីលត្រូវបានកត់ត្រាទាំងនៅក្នុងទីក្រុងគៀវ និងទូទាំងអ៊ុយក្រែន” ។

“ការប្រុងប្រយ័ត្នខ្លាំងត្រូវបានណែនាំ។ រាល់ការធ្វើដំណើរទៅកាន់អ៊ុយក្រែន ទោះក្នុងកាលៈទេសៈណាក៏ដោយ គឺមិនត្រូវបានលើកទឹកចិត្តជាដាច់ខាត។ Viaggiare Sicuri ត្រូវបានដំណើរការដោយអង្គភាពវិបត្តិនៃ Farnesina – ក្រសួងការបរទេសរបស់ប្រទេសអ៊ីតាលី។

ប្រទេសអីតាលីបានប្រមូលបុគ្គលិកមិនសំខាន់របស់ខ្លួនពីស្ថានទូតអ៊ុយក្រែនកាលពីឆ្នាំមុន នៅពេលដែលរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួន ដោយបានជំរុញយ៉ាងម៉ឺងម៉ាត់ឱ្យជនជាតិអ៊ីតាលីជៀសវាងពីតំបន់ Donetsk និង Lugansk និងតំបន់ Crimea ។

សូមជម្រាបថា អ៊ុយក្រែនបានរាយការណ៍ ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ីជាច្រើនកាលពីព្រឹកថ្ងៃចន្ទ ដោយអះអាងថា ខ្លួនបានបាញ់ ទម្លាក់យន្តហោះគ្មានមនុស្សបើក kamikaze ចំនួន ៣៥ គ្រឿងលើទីក្រុងគៀវ ខណៈដែលយន្តហោះទម្លាក់ គ្រាប់បែករបស់កងទ័ពអាកាសរុស្ស៊ីត្រូវបានគេរាយការណ៍ថាបានបាញ់មីស៊ីលចំនួន ៨ គ្រាប់ក្នុងទិសដៅទៅកាន់តំបន់ Odessa ។ ការផ្ទុះនៅក្នុងតំបន់ Chernigov និង Dnepropetrovsk ក៏ដូចជាទីក្រុង Zaporozhye ត្រូវបានគេរាយការណ៍ផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top