ព័ត៌មានអន្តរជាតិ

រុស្សី ព្រមានអង់គ្លេស ជុំវិញបញ្ហាមីស៊ីល Cruise Missile

បរទេស៖ ក្រសួងការបរទេសនៃប្រទេសរុស្សី កាលពីថ្ងៃសុក្រម្សិលមិញនេះ បានចេញសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលទីក្រុងឡុង ក្នុងការផ្គត់ផ្គង់ឲ្យរដ្ឋាភិបាលទីក្រុងគៀវ នូវមីស៊ីលចំងាយឆ្ងាយ Cruise Missile នោះគឺជាការបង្កហេតុ ដ៏គ្រោះថ្នាក់មួយជំហ៊ានទៀត នៅក្នុងវិបត្តិជម្លោះលើកនេះ។

សេចក្តីថ្លែងការណ៍ ដែលត្រូវបានយកមកចេញផ្សាយ ដោយ RT បានបញ្ជាក់ទៀតថាសកម្មភាពនេះ ត្រូវបានចាត់ទុកថាជាសកម្មភាព មិនគួរឲ្យរាប់អានឡើយរបស់អង់គ្លេស ហើយវាបានសបញ្ជាក់ឲ្យកាន់តែច្បាស់ទៀតថា អង់គ្លេសកំពុងចូលរួមមួយចំណែក នៃជម្លោះគ្នារវាងអ៊ុយក្រែន និងរុស្សីផងដែរ។

សេចក្តីថ្លែងការណ៍របស់ក្រសួងបានបន្តទៀតថា ហ្គេមភូមិសាស្ត្រនយោបាយរបស់ចក្រភពអង់គ្លេស ទំនងជាបានបង្ហាញថាអង់គ្លេសបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លងកាត់បន្ទាត់ក្រហមណាមួយ ហើយនាំជម្លោះឆ្ពោះទៅរក កម្រិតថ្មីទាំងស្រុង នៅពេលនិយាយអំពីការបំផ្លិចបំផ្លាញ និងជនរងគ្រោះ។

គួរឲ្យដឹងដែរថាកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​ថា ខ្លួន​កំពុងរៀបចំការងារដឹកជញ្ជូនមីស៊ីលចំងាយឆ្ងាយ ដែលមានឈ្មោះថា Storm Shadow ជាច្រើន​គ្រាប់​ទៅ​ឲ្យ​អ៊ុយក្រែន ដែលមីស៊ីលទាំងនោះមានសមត្ថភាព ក្នុងការ​បាញ់​ដល់​គោលដៅ ​ចម្ងាយ​ជាង២៥០គីឡូម៉ែត្រ៕

Most Popular

To Top