ភ្នំពេញ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស (NagaWorld Kind Hearts) ជាផ្នែកការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានបន្តការប្តេជ្ញាចិត្ត ផ្សារភ្ជាប់ជាមួយសហគមន៍ ដោយនាំកុមារមកពីអង្គការ ក្រៅរដ្ឋាភិបាល ចំនួន ៥ មកទស្សនកិច្ច និងសិក្សាស្វែងយល់ អំពីការតុបតែងលម្អបែប កីឡាអាស៊ីអាគ្នេយ៍ នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែឧសភា កាលពីពេលថ្មីនេះ ។
គំនិតផ្តួចផ្តើមនេះ មានគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយស្មារតី និងការយល់ដឹងបន្ថែមដល់កុមារអំពីព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍ (SEA GAMES 2023 ) លើកទី៣២ និងអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ដើម្បីចូលរួមអបអរព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រនេះ ណាហ្គាវើលដ៍ បានធ្វើការ តុបតែង លម្អសួនច្បារ សម្តេចតេជោ ហ៊ុន សែន ជាមួយការលម្អបែបស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដ៏ស្រស់ស្អាតរួមទាំងផ្ទាំង សម្រាប់សាធារណជនអាចថតរូបដែលបង្កើតជាបរិយាកាសដ៏ទាក់ទាញ ។ ការតុបតែងលម្អដ៏អស្ចារ្យនេះ នឹងដាក់តាំងបង្ហាញរហូតដល់ថ្ងៃទី១១ ខែមិថុនា។
ណាហ្គាវើលដ៍បេះដូងសប្បុរស បាននាំកុមារ ១៤៩ នាក់មកពីអង្គការគ្រួសារថ្មី អង្គការខូលត៍ មណ្ឌលកុមារទឹកដីសប្បាយ មណ្ឌលកុមារដើមឈើសប្បាយ និងវិទ្យាស្ថានអភិវឌ្ឍភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈមកទស្សនាការតុបតែងលម្អ បែបកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ។
បន្ទាប់ពីដើរទស្សនកិច្ចសួនច្បារ ដែលមានការតុបតែងលម្អ បែបស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ពួកគេត្រូវបាននាំទៅកាន់បន្ទប់ប្រជុំ នៅណាហ្គាវើលដ៍ទី១ ដើម្បីស្តាប់បទបង្ហាញស្តីពីប្រវត្តិ កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម និងឆ្លើយសំណួរដើម្បីឈ្នះរង្វាន់ ។ ពួកគេបានទទួលចំណេះដឹងបន្ថែម ជាច្រើនពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡានេះ រីឯកម្មវិធីឆ្លើយសំណួរ ដើម្បីឈ្នះរង្វាន់បានបន្តពោរ ពេញដោយភាពរីករាយ និងសិទ្ធស្នាល។
លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យ នាយកប្រតិបត្តិ របស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានឲ្យដឹងថា យើងរីករាយដែលបាន ផ្តល់បទពិសោធន៍ ពិសេសដល់កុមារមកពីបណ្តាអង្គការ និងផ្តល់ឱកាសឲ្យពួកគេសិក្សាស្វែង យល់បន្ថែមអំពីស្មារតីនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ យើងមានគោលបំណងលើកទឹកចិត្តឱ្យពួកគេស្រឡាញ់កីឡា និងបំផុសមោទកភាពជាតិ ។
អ្នកតំណាងមក ពីបណ្តាអង្គការទាំងនោះ ក៏បានថ្លែងអំណរគុណ ដល់ណាហ្គាវើលដ៍ បេះដូងសប្បុរស ដែលបានផ្តួចផ្តើមរៀបចំទស្សនកិច្ច ដ៏មានសារសំខាន់នេះផងដែរ។ លោក សំ ពិសិដ្ឋ អ្នកគ្រប់គ្រងអង្គការខូលត៍ បានឲ្យដឹងថា សកម្មភាពនេះ បានផ្តល់ចំណេះដឹង និងភាពរីករាយដល់កុមារ ខណៈពួកគេនឹងស្វែងយល់ និងចងចាំបានយូរអង្វែង។ យើងមានសោមនស្សរីករាយ ដែលបានសហការជាមួយណាហ្គាវើលដ៍បេះដូងសប្បុរស និងសង្ឃឹមថា នឹងមាន សកម្មភាពបែបនេះជាច្រើនបន្តទៀតសម្រាប់កុមាររបស់យើង ។
កុមារទាំងនោះ បានត្រឡប់ទៅអង្គការ និងមណ្ឌលរៀងៗខ្លួនដោយទទួលបានអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ពីណាហ្គាវើលដ៍បេះដូងសប្បុរស និងបានថតរូបជុំគ្នានៅសួនច្បារទុក ជាអនុស្សាវរីយ៍ផងដែរ។ ក្រៅពីគំនិតផ្តួចផ្តើមនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស ក៏បានសហការជាមួយ Beyond The Games ដែលទទួលខុសត្រូវ ក្នុងការផ្សព្វផ្សាយ និង ចែករំលែក ព័ត៌មាន អំពីការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ទៅដល់ សហគមន៍ក្នុងការរៀបចំទិវាគ្រួសារ កាលពីថ្ងៃទី២៦ ខែមីនា នៅកីឡដ្ឋានបាល់ទាត់កំពង់ស្ពឺ ដែលទើបនឹងបើកសម្ពោធជាផ្លូវការ ក្នុងពេលថ្មីៗកន្លងទៅផងដែរ ។ ទិវាគ្រួសារនោះ បានទាក់ទាញអ្នកចូលរួមប្រមាណជាង ១.៥០០ នាក់ រួមមាន សិស្សានុសិស្ស គ្រួសារ កុមារ និង អ្នកគាំទ្រក្លិបបាល់ទាត់ណាហ្គាវើលដ៍ ។ ទិវានោះ បានអនុញ្ញាតឱ្យសាធារណជន ចូលរួមលេងហ្គេមពាក់ព័ន្ធ នឹងកីឡាបាល់ទាត់ និងស្វែងយល់បន្ថែម អំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមផងដែរ ។
គួរបញ្ជាក់ថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានចូលរួមចំណែកលើកកម្ពស់សុខុមាលភាព របស់សង្គមកម្ពុជា ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០១៤ ដោយផ្តោតទៅ លើការស្ម័គ្រចិត្ត របស់បុគ្គលិក និងកម្មវិធីចុះ ទៅតាមសហគមន៍។ មកដល់បច្ចុប្បន្ន កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានជះឥទ្ធពលវិជ្ជមាន និង ផ្តល់ប្រយោជន៍ដល់កុមារ និង ប្រជាពលរដ្ឋ នៅតាមសហគមន៍ជាង ៤៩៦.៥៤០ នាក់ខណៈការប្តេជ្ញារបស់ក្រុមហ៊ុន គឺបង្កើតឲ្យមានការផ្លាស់ប្តូរវិជ្ជមាន នៅតាមសហគមន៍ ក្នុងប្រទេសកម្ពុជា៕