ក្រុមជម្រើសជាតិបង់ក្លាដែស នឹងមកប្រកួតជាមួយក្រុមជម្រើសជាតិកម្ពុជា ជាលក្ខណៈមិត្តភាពអន្តរជាតិ នៅថ្ងៃ FIFA Day ១៥ មិថុនា ២០១៣។
ការប្រកួតមិត្តភាពអន្តរជាតិនេះ ក៏ជាការកម្តៅសាច់ដុំ របស់ក្រុមបង់ក្លាដែស ដើម្បីត្រៀមចូលរួមប្រកួត ក្នុងពានរង្វាន់ប្រចាំតំបន់ អាស៊ីខាងត្បូង SAFF Champion 2023 ធ្វើឡើងនៅប្រទេសឥណ្ឌា ពីថ្ងៃទី២១ មិថុនា ដល់ ៤ កក្កដា ២០២៣ ។
លោក Kazi Nabil ប្រធានគណៈកម្មាធិការ ក្រុមជម្រើសជាតិបង់ក្លាដែស បាននិយាយថា «យើងបានទាក់ទងសហព័ន្ធបាល់ទាត់មួយចំនួន ហើយចុងក្រោយ បានសម្រចយកប្រកួតមិត្តភាព ទល់នឹងកម្ពុជា»។
ក្រុមបង់ក្លាដែស នឹងមកដល់រាជធានីភ្នំពេញ រយៈពេលពីរបីថ្ងៃមុនការប្រកួតចាប់ផ្តើម ដើម្បីហ្វឹកហាត់។ បន្ទាប់មក ១ថ្ងៃក្រោយការប្រកួតជាមួយកម្ពុជា ក្រុមជម្រើសជាតិមួយនេះ ក៏នឹងធ្វើដំណើរចេញទៅប្រទេសឥណ្ឌាតែម្តង។
គួរដឹងថា ការប្រកួតពានរង្វាន់ SAFF Champion 2023 មានក្រុមចូលរួមចំនួន៨ក្រុម ដូចជា ឥណ្ឌា គូវែត នេប៉ាល់ ប៉ាគីស្ថាន លីបង់ ម៉ាល់ឌីវ ប៊ូតាន់ និងបង់ក្លាដែស។
សូមរំលឹកថា ក្នុងការប្រកួតមិត្តភាពអន្តរជាតិកាលពីខែកញ្ញា ឆ្នាំ២០២២ កម្ពុជា បានចាញ់បង់ក្លាដែស ក្នុងលទ្ធផល ០-១៕