កីឡា

កម្ពុជា​មាន​អត្តពលិក២៣៦នាក់ ​ប្រកួ​តដណ្ដើម​មេដាយ​នៅ​អាស៊ានប៉ារ៉ាហ្គេម​

ឯកឧត្ដម យី វាសនា អគ្គលេខាធិការគណៈកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានមានប្រសាសន៍ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ថា រហូតមកដល់ពេលនេះ កម្ពុជា មានអត្តពលិកចំនួន ២៣៦ នាក់ ​បានចុះឈ្មោះរួចរាល់ និងជាស្ថាពរ ដែលទទួលស្គាល់ដោយគណៈកម្មការអន្តរជាតិ សម្រាប់ដាក់ចូលឱ្យប្រកួតក្នុងចំណោមប្រភេទកីឡាចំនួន១៤ បូករួមទាំងកីឡា E-Sport ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បន្ទាប់ពីការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានបិទបញ្ចប់ កាលពីយប់ថ្ងៃទី១៧ ខែឧសភា។

ឯកឧត្ដម​បាន​បញ្ជាក់​ថា៖ ​«រហូតមកដល់ពេលនេះ យើងក៏មានការគាំទ្រ​ពី​សំណាក់​ក្រុមហ៊ុន​មួយ​ចំនួន​ផង​ដែរ ​ហើយខ្ញុំក៏សូមជំរាបជូនដែរថា កីឡាករ កីឡាការិនីយើង មកដល់ពេលនេះ​ យើង​មានចំនួន​ ២៣៦ នាក់ ដែលបានចុះឈ្មោះប្រកួតប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២​ ដែលយើងធ្វើជាម្ចាស់ផ្ទះ គឺមាន១៤ ប្រភេទកីឡា ហើយក៏មានបូកបន្ថែមប្រភេទកីឡា E-Sport​ ដែលជាកីឡាសម្តែង។ ក្នុង​នោះ​មាន​កីឡាករ​ចំនួន​ ១៦០ នាក់ ​កីឡាការិនីចំនួន​ ៧៦ នាក់ និង​មន្ត្រី​ដែលចុះ​ជាប់ហ្នឹងកីឡាករមានចំនួន ៦៤ នាក់»។

ឯកឧត្ដម​បាន​បន្ថែមទៀតថា​ នេះជាកត្តាមួយដ៏ចាំបាច់ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយ​ចូលរួម​អបអរ​សាទរ​ជាមួយ​បណ្ដាប្រទេសដទៃផ្សេងទៀត​ ក្នុងកា​រដឹកនាំ​ដ៏ឈ្លាសវៃរបស់​សម្ដេច​អគ្គ មហា សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជា​ការ​ត្រៀម​ខ្លួន​ឱ្យបាន​ល្អ​ហើយម្ចាស់ផ្ទះកម្ពុជា ក៏បានរៀបចំទីលានរួចរាល់ ដើម្បីឱ្យត្រូវតាមស្តង់ដារ ដោយ​ចំណាយ​ទឹកប្រាក់​សរុប ​ប្រមាណ​ជា​១​លាន​ដុល្លារ​អាមេរិក។

គួររំឭកថា​ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយមានប្រភេទកីឡាអត្តពលកម្ម, វាយសី, ប៊ូស្យា, អុក,​ បាល់ទាត់៥ម្ខាង, បាល់ទាត់៧ម្ខាង, ​បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, ហែល​ទឹក, វាយកូនឃ្លីលើតុ​ បុរស-នារី, ​បាល់ទះអង្គុយបុរស-នារី,​ បាល់បោះជិះរទេះបុរស-នារី, និងកីឡា E-Sport៕

Most Popular

To Top