ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ជាក់ថា ការបញ្ជូនយន្តហោះចម្បាំង Su-27 ធ្វើការស្ទាក់ចាប់ គឺដើម្បីការពារយន្តហោះទម្លាក់គ្រាប់បែកអាមេរិក ដែលបំពានព្រំដែន

ម៉ូស្គូ ៖ រុស្ស៊ីបានឲ្យដឹងថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំង Su-27 ដើម្បីការពារការ រំលោភព្រំដែនរដ្ឋ ដោយយន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្ររបស់កងទ័ពអាកាស សហរដ្ឋអាមេរិកពីរគ្រឿង ដែលហោះហើរលើសមុទ្របាល់ទិក ។

ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា យោធាបានការពារ ការរំលោភព្រំដែនណាមួយ ដោយយន្ត ហោះអាមេរិក ហើយ “ការហោះហើររបស់យន្តហោះចម្បាំងរុស្ស៊ី ត្រូវបានអនុវត្តយ៉ាងតឹងរឹង តាមច្បាប់អន្តរជាតិ សម្រាប់ការប្រើប្រាស់ ដែនអាកាស” ។

ក្រសួងការពារជាតិ បានឲ្យដឹងថា “បន្ទាប់ពីដកយន្តហោះយោធាបរទេស ចេញពីព្រំដែនរដ្ឋរុស្ស៊ី យន្តហោះចម្បាំងរុស្ស៊ី បានត្រឡប់ទៅមូលដ្ឋាន ទ័ពរបស់ខ្លួនវិញ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។

ប្រភពបានឲ្យដឹងថា “នាវិកនៃយន្តហោះចម្បាំងរុស្ស៊ី បានចាត់ថ្នាក់គោលដៅពីលើអាកាសថា ជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B ពីររបស់កងទ័ពអាកាសអាមេរិក” ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ Pat Ryder បានបញ្ជាក់កាលពីថ្ងៃអង្គារថា យន្តហោះអាមេរិក ត្រូវបានស្ទាក់ចាប់ដោយរុស្ស៊ី ដោយលើកឡើងថា យន្តហោះទម្លាក់គ្រាប់បែក B-1 បានចូលរួមក្នុងសមយុទ្ធ ដែលបានគ្រោងទុកនៅអឺរ៉ុប ហើយអន្តរកម្មរបស់យន្តហោះចម្បាំងរុស្ស៊ី ជាមួយយន្តហោះអាមេរិកគឺ “មានសុវត្ថិភាព និងវិជ្ជាជីវៈ” ។

លោកបានលើកឡើងថា “ដូច្នេះយើងមាន យន្តហោះទម្លាក់គ្រាប់បែក B-1 ចំនួនពីរដែលជាផ្នែកមួយនៃក្រុមអ្នកបំផ្ទុះគ្រាប់បែក ដែលយើងហោះហើរ ជាទៀងទាត់នៅជុំវិញ ពិភពលោកនៅក្នុងប្រទេសផ្សេងៗ ។ នេះជាសមយុទ្ធ ដែលបានគ្រោងទុកយូរមកហើយ នៅអឺរ៉ុប ហើយការយល់ដឹងរបស់ខ្ញុំគឺថា វាជាអន្តរកម្មប្រកបដោយសុវត្ថិភាព និងប្រកបដោយវិជ្ជាជីវៈ ជាមួយយន្តហោះរុស្ស៊ី ។ ដូច្នេះ​គ្មាន​អ្វី​សំខាន់​ក្នុង​ការ ​រាយការណ៍​នៅ​ចំពោះ​មុខ​នោះ​ទេ”។

ការស្ទាក់ចាប់យន្តហោះទម្លាក់ គ្រាប់បែក របស់រុស្សី របស់អាមេរិក គឺជាការស្ទាក់ចាប់យន្តហោះ ទម្លាក់គ្រាប់បែកអាមេរិក ចុងក្រោយគេបង្អស់ ក្នុងអន្តរកម្មផ្លូវអាកាស ដែលពាក់ព័ន្ធនឹង យន្តហោះយោធា រុស្ស៊ី អាមេរិក និងណាតូ ចំពេលមានភាពតានតឹង ក្នុងទំនាក់ទំនងបន្ទាប់ពីការ លុកលុយពេញលេញរបស់ទីក្រុងម៉ូស្គូ ទៅលើអ៊ុយក្រែន កាលពីឆ្នាំមុន។

គួរបញ្ជាក់ផងដែរថា កាលពីខែមីនា យន្តហោះដ្រូនឈ្លបការណ៍ របស់សហរដ្ឋអាមេរិក បានធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅ បន្ទាប់ពីវាត្រូវបានស្ទាក់ចាប់ ដោយយន្តហោះរុស្ស៊ីនៅក្នុងដែនអាកាសអន្តរជាតិ ៕

Most Popular

To Top