ក្នុងពេលបច្ចុប្បន្ននេះ វិស័យអប់រំត្រូវបានគេលើកតម្កល់យ៉ាងផុលផុសពាសពេញពិភពលោក ដោយគេសង្កេតឃើញមានការបង្កើតគ្រឹះស្ថានអប់រំតាំងពីថ្នាក់ដំបូង រហូតដល់ថ្នាក់ឧត្ដមសិក្សា។
ចំណែកឯ ក្នុងសម័យបុរាណ គេកម្រឃើញមានការបង្កើតសាកលវិទ្យាល័យណាស់ ដោយសារតែមនុស្សភាគច្រើនផ្ដោតលើការចូលបម្រើកងទ័ព និងរៀនសូត្រតាមតែព្រះវិហារប៉ុណ្ណោះ។
ប៉ុន្តែបើតាមសៀវភៅកំណត់ត្រា Guinness សាកលវិទ្យាល័យដែលកើតឡើងដំបូងគេ និងនៅតែដំណើរការដល់សព្វថ្ងៃនេះគឺ សាកលវិទ្យាល័យ Karueein ដែលស្ថិតនៅប្រទេសម៉ារ៉ុក នៃតំបន់អាហ្វ្រិកខាងជើង។
សាកលវិទ្យាល័យនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ៨៥៩នៃគ្រិស្តសករាជ ដែលមកទល់មានអាយុកាលប្រមាណ ១១៦០ឆ្នាំមកហើយ។ សាកលវិទ្យាល័យនេះ ធ្លាប់ជាមជ្ឈមណ្ឌលសិក្សាឈានមុខគេ និងមជ្ឈមណ្ឌលសិក្សាកណ្ដាលសម្រាប់ពិភពឥស្លាមនៅសម័យបុរាណ។
សាកលវិទ្យាល័យនេះដែរ ផ្ដោតសំខាន់លើសាសនាឥស្លាម និងវិទ្យាសាស្ត្រ ដែលរៀនជាភាសាអារ៉ាប ហើយសព្វថ្ងៃភាសាអង់គ្លេស និងបារាំង ក៏ត្រូវដាក់បញ្ចូលក្នុងកម្មវិធីសិក្សារបស់ពួកគេដែរ។
តាមពីក្រោយសាកលវិទ្យាល័យនេះ សាកលវិទ្យាល័យដែលចំណាស់ជាងគេទី ២ គឺសាកលវិទ្យាល័យ Bologna នៅប្រទេសអ៊ីតាលី ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១០៨៨ នៃគ្រិស្តសករាជ៕ប្រភព៖sabay