ភ្នំពេញ៖ សហគ្រិនខ្មែរ ជាស្ថាប័នបង្កើតឡើងដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំ “ថ្ងៃបណ្តាញទំនាក់ទំនងប្រព័ន្ធអេកូឡូស៊ី” នៅសណ្ឋាគារ ហៃយ៉ាត់រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក វង្សី វិស្សុត រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍ សហគ្រិនភាព។
លោក វង្សី វិស្សុត បានមានប្រសាសន៍ថា៖ ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព គឺជាកត្តាសំខាន់មិនអាចខ្វះបាន សម្រាប់លើកស្ទួយសហគ្រិនភាព និងជាសសរស្តម្ភ នៃការអភិវឌ្ឍវិស័យឯកជន ដែលជាកម្លាំងចលករ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច, ការបង្កើតតម្លៃបន្ថែម, ការបង្កើតការងារ, ការបង្កើនប្រសិទ្ធភាព សេដ្ឋកិច្ច និង ជាប្រភពនៃនាវានុវត្តន៍ ។ រាជរដ្ឋាភិបាលចង់ឃើញធុរកិច្ចបង្កើតថ្មី (Start-up) រីកលូតលាស់ក្លាយ ទៅជាសហគ្រាសធុនតូច និងមធ្យម (SMEs), ចង់ឃើញសហគ្រាសធុនតូច (Micro Enterprises) រីកលូតលាស់ក្លាយ ទៅជា សហគ្រាសធុនមធ្យម (Medium Enterprises), និងចង់ឃើញសហគ្រាសធុនមធ្យម រីកចម្រើនលូតលាស់អភិវឌ្ឍន៍ខ្លួន ទៅជាសហគ្រាសធុនធំ ព្រមទាំង ចង់ឃើញសហគ្រាសទាំងនោះ ជួយបង្កើតតម្លៃបន្ថែមឱ្យបាន កាន់តែច្រើន ក្នុងសេដ្ឋកិច្ចជាតិ និងបង្កើនសមត្ថភាពប្រកួតប្រជែងឱ្យកាន់តែខ្លាំងក្លា។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្តល់ជាវេទិកាជូនដល់ដៃគូចូលរួមទាំងអស់ ក្នុងការផ្សារភ្ជាប់បណ្តាញទំនាក់ទំនង និងបើកកិច្ចពិភាក្សាដើម្បីបង្កើត បានយុទ្ធសាស្រ្តដ៏កាន់តែ រឹងមាំសម្រាប់ការ អនុវត្តគម្រោងនាពេលអនាគត។ លើសពីនេះ សហគ្រិនខ្មែរបានលើកឡើងពី សកម្មភាពមួយចំនួនក្នុងចំណោម កម្មវិធីជាច្រើនដែលបានអនុវត្តកន្លងមក រាប់បញ្ចូលកាគាំទ្រទាំង ផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។ រីឯវគ្គជជែកពិភាក្សាមានការ ចូលរួមយ៉ាងសកម្មពីសំណាក់ ដៃគូជាតិ និងអន្តរជាតិ ក្នុងការចែករំលែកមតិកែលម្អ និងបទពិសោធន៍ដែលរួមចំណែកដល់ការ កែលម្អប្រព័ន្ធអេកូឡូស៊ី។
ការកសាងប្រព័ន្ធ អេកូឡូស៊ីសហគ្រិនភាពតម្រូវឱ្យ មានកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមសម្រប សម្រួលដើម្បីជាការបង្ហាញផ្លូវ និង បង្កើតកិច្ចសហប្រតិបត្តិការឲ្យ ស្របតាមតម្រូវការរបស់អ្នក ពាក់ព័ន្ធទាំងអស់ក្នុងប្រព័ន្ធអេកូឡូស៊ី។ ដូចច្នេះ អ្នកតំណាងប្រហែល ១២០នាក់ ដែលមាន មកពីស្ថាប័នរាជរដ្ឋាភិបាល ស្ថានទូត ស្ថាប័នគាំទ្រវិស័យសហគ្រិនភាព (ESOs) ស្ថាប័នហិរញ្ញវត្ថុ សមាគម បណ្តាញធុរកិច្ច និងអ្នកពាក់ព័ន្ធដ៏ទៃងទៀត បានចូលរួមក្នុងកម្មវិធីនេះ។ សហគ្រិនខ្មែរមានតួនាទីជាថ្នាលជាតិ តែងតែបំពេញបាននូវបេសកកម្ម ដែលជម្រុញឲ្យអាជីវកម្មមានភាពរីកចម្រើន និងគាំទ្ររាល់សកម្មភាព ក្នុងវិស័យសហគ្រិនភាព។
សហគ្រិនខ្មែរ ក៏បាន និងកំពុងធ្វើការជាមួយដៃគូជាច្រើន រួមមានក្រុមវិនិយោគទុន ស្ថាប័នហិរញ្ញវត្ថុ និង ស្ថាប័នអនុវត្តគម្រោងផ្សេងៗទៀត ក្នុងការរៀបចំគម្រោងគាំទ្រ ដល់អាជីវកម្មទៅតាម ដំណាក់កាល។ ក្រៅពីសកម្មភាពពង្រីកបណ្តាញទំនាក់ទំនង សហគ្រិនខ្មែរ មានកម្មវិធីជាច្រើន ទៀតរួមមាន៖ កម្មវិធីពន្លឿនអាជីវកម្ម កម្មវិធីប្រកួតប្រជែងពានរង្វាន់ថ្នាក់ជាតិប្រចាំឆ្នាំ កញ្ចប់ថវិកាជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ ការវិនិយោគ ការពិគ្រោះយោបល់ និងការណែនាំ សម្រាប់អាជីវកម្ម។
សហគ្រិនខ្មែរ ដែលបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងកៀរគរ វិនិយោគ និងគ្រប់គ្រងធនធានដើម្បីគាំទ្រ ដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនដ៏ រស់រវើកនៅកម្ពុជា ដោយជំរុញសកម្មភាព សហគ្រិនទៅដល់ការច្នៃប្រឌិត និងការបង្កើតតម្លៃបន្ថែម នៅក្នុងសេដ្ឋកិច្ចកម្ពុជា។ សហគ្រិនខ្មែរ មានចក្ខុវិស័យក្លាយជាវេទិកាថ្នាលជាតិសម្រាប់ការលើក កម្ពស់សកម្មភាពសហគ្រិន ក្នុងវិស័យអាទិភាពចំនួនបួន៖ វិស័យបច្ចេកវិទ្យា ផ្តោតលើបច្ចេកវិទ្យា ក្នុងធុរកិច្ចថ្មី វិស័យសេវាកម្មផ្តោត លើផ្នែកបដិសណ្ឋារកិច្ច និងផ្នែកដឹកជញ្ជូន វិស័យកសិកម្ម ផ្តោតលើផលិតផលកែច្នៃ សម្រាប់ការប្រើប្រាស់ក្នុងស្រុកនិងការនាំចេញ និងវិស័យកម្មន្តសាល ផ្តោតសំខាន់ទៅលើផលិតកម្ម ជំនួសការនាំចូល និងបណ្តុំឧស្សាហកម្មសហគ្រាសធុនតូចនិង មធ្យម ៕