ក្រុមហ៊ុនវៀតណាម VinFast បានហៅត្រឡប់ ចូលរោងចក្រវិញ នូវរថយន្តដែលខ្លួន ទើបតែដាក់លក់នៅសហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេ ជាតិអាមេរិក (NHTSA) បានរកឃើញភាពមិនប្រក្រតីអំពីសុវត្ថិភាព របស់រថយន្ត VinFast នេះ។
អាជ្ញាធរ NHTSA បានលើកឡើងថា រថយន្តអគ្គិសនី VF8 ចំនួន ៩៩៩ គ្រឿង មានបញ្ហា (error) software ក្នុងអេក្រង់ថាច់ស្គ្រីន ដែលមិនបង្ហាញព័ត៌មានសុវត្ថិភាពសំខាន់ៗ ដោយបញ្ហានេះ អាចបង្កើនហានិភ័យគ្រោះថ្នាក់ចរាចរណ៍បាន។
យ៉ាងណាមិញ តាមរយៈការឆ្លើយ តបបញ្ជាក់របស់ VinFast ទៅកាន់ NHTSA បង្ហាញថា ការពិតគឺក្រុមហ៊ុននេះ បានចាប់ផ្តើមដឹងពីបញ្ហាខាងលើ តាំងពីខែមុនមកម្ល៉េះ បន្ទាប់ពីទទួលបានការរិះគន់ ពីអ្នកប្រើប្រាស់ជាបន្តបន្ទាប់។
គួរកត់សម្គាល់ដែរថា កាលពីខែកុម្ភៈកន្លងទៅ VinFast បានសុំពន្យារពេលប្រគល់រថយន្ត VF8 នេះ ឱ្យអតិថិជន ដែលបានកម្មង់ទិញរួចហើយ ដោយសារតែមិនទាន់បានបញ្ចប់ការអាប់ដេត Software។
បើតាមការចុះផ្សាយ របស់សារព័ត៌មានថៃ Sanook ថ្មីៗនេះ បានរៀបរាប់ថា រថយន្តរបស់ក្រុមហ៊ុនវៀតណាម VinFast ដែលនាំយកទៅកាន់ទីផ្សារ អាមេរិកនោះ ទំនងជាលក់មិនដាច់ឡើយ ។ សារព័ត៌មាននេះអះអាងថា អ្នកប្រើប្រាស់អាមេរិក នៅមិនទាន់ជឿជាក់លើរថយន្តវៀតណាមនៅឡើយទេ ទាំងគុណភាព ចម្ងាយបើកបរ និងសេវាកម្ម ក្រោយការលក់ ជាហេតុធ្វើឱ្យ VinFast ស្ទើរតែគ្មានច្រកណាដែលអាចលូកចូលទីផ្សារអាមេរិក ងាយស្រួលឡើយ៕