កីឡា

អត្តពលិក ជាង១៤៥០នាក់ ទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ ASEAN Para Games 12 នៅកម្ពុជា

ភ្នំពេញ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រវៀតណាម Vnexpress បានប្រាប់ឲ្យដឹងថា ក្រុមអត្តពលិកសរុបចំនួន ១,៤៥៣ នាក់មកពីប្រទេសចំនួន ១១ នឹងចូលរួមក្នុងព្រឹត្តិការណ៍ ASEAN Para Games 12 ដែលនឹងប្រព្រឹត្តទៅ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ៣ ដល់ទី ៩ ខែមិថុនា ។

ក្នុងចំណោមអត្តពលិកទាំងនេះ កីឡាករ-កីឡាករច្រើនជាងគេ គឺមកពីប្រទេសថៃមាន ៣០៤ នាក់ តាមពីក្រោយដោយឥណ្ឌូនេស៊ី ២៧៥ នាក់ និងប្រទេសម្ចាស់ផ្ទះកម្ពុជា ២៥២នាក់ ក្នុងនោះមានអត្តពលិក មកពីវៀតណាម ១២៨ នាក់ មីយ៉ាន់ម៉ា ៨៣ នាក់ ឡាវ៤៣នាក់ សិង្ហបុរី២៦នាក់ ប្រ៊ុយណេ២០នាក់ និង ១៣ នាក់មកពីទីម័រខាងកើត។ ក្រៅពីអត្តពលិក គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសសរុបចំនួន ១.២៣៩ នាក់ នឹងចេញទៅប្រកួត អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ។

លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ថា អត្តពលិកនឹងចូលរួមប្រកួតក្នុង ១៤ ប្រភេទកីឡា។ លោក វាសនា បន្តថា កម្ពុជារំពឹងថានឹងដណ្តើមបានមេដាយចំនួន ៥៦ ក្នុងការប្រកួតនាពេលខាងមុខ ពោលគឺកើនឡើងពីចំនួន ២៨ មេដាយដែលពួកគេទទួលបានក្នុងព្រឹត្តិការណ៍ Asean Para Games លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០២២។
ប្រទេសម្ចាស់ផ្ទះក៏ត្រូវបានគេរំពឹងថានឹងជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមប្រទេសទាំង១១ បានចូលរួមលើចំនួនមេដាយសរុប៕ ដោយ៖លី ភីលីព

Most Popular

To Top