ព័ត៌មានអន្តរជាតិ

IMF ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ម៉ាឡេស៊ី ក្នុងឆ្នាំ២០២៣នេះ នឹងកើនឡើង៤,៥ភាគរយ

កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា (IMF) បានរំលឹកឡើងវិញថា កំណើនសេដ្ឋកិច្ច របស់ប្រទេសម៉ាឡេស៊ី នឹងកើនឡើង ដោយគិតជាមធ្យម៤,៥ភាគរយនៅក្នុងឆ្នាំ២០២៣នេះ ។

ក្រុមប្រឹក្សាប្រតិបត្តិរបស់មូលនិធិ IMF បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កំណើនសេដ្ឋកិច្ចបើយឺតជាងនេះ កំពុងតែឆ្លុះបញ្ចាំង ពីដំណើរឆ្ពោះទៅមុខរបស់ពិភពលោក ។

មូលនិធិខាងលើបានឲ្យដឹងថា ហានិភ័យខាងក្រៅរួមមាន លទ្ធភាពនៃការធ្លាក់ចុះ ឬវិបត្តិសេដ្ឋកិច្ចសកលកើតឡើងភ្លាមៗ ជាមួយនឹងការកើនឡើង ដែលពាក់ព័ន្ធនៅក្នុងហានិភ័យសកល លំហូរចេញរបស់មូលធន និងហានិភ័យកើតឡើងភ្លាមៗ ។

IMF បានឲ្យដឹងថា ការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ច និងភាពតានតឹងភូមិសាស្ត្រនយោបាយ ដែលបណ្តាលឱ្យមានការកំណត់រចនាសម្ព័ន្ធពាណិជ្ជកម្មឡើងវិញ ការរំខានការផ្គត់ផ្គង់ និងការកើនឡើងនៃតម្លៃធាតុចូល ក្នុងចំណោមការរំខានផ្សេងទៀត ក៏អាចជះឥទ្ធិពលជាអវិជ្ជមាន ដល់ការរំពឹងទុកពីកំណើនសេដ្ឋកិច្ច របស់ប្រទេសម៉ាឡេស៊ីផងដែរ ។

គួររំលឹកថា នៅក្នុងឆ្នាំ២០២២ កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីបានឈានដល់៨,៧ភាគរយ ដែលបានជំរុញដោយតម្រូវការក្នុងស្រុក ដែលបានកើនឡើង បន្ទាប់ពីការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ កាលពីខែមេសាឆ្នាំមុន និងដំណើរការនាំចេញមានសន្ទុះឡើងវិញ ។

យ៉ាងណាមិញ IMF បានកត់សម្គាល់ថា ការស្ទុះងើបឡើងវិញនៅតែមិនស្មើភាពគ្នា ដោយវិស័យកសិកម្ម ការជីកយករ៉ែ ហើយជាពិសេសវិស័យសំណង់ នៅសល់ក្រោមកម្រិតមុនការរាតត្បាតជំងឺ ហើយវិសមភាពបានកើនឡើង នៅក្នុងអំឡុងពេល ជំងឺកូវីដ-១៩ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top