តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានដាក់បង្ហាញនូវមីស៊ីលល្បឿនលឿន ជាងសំឡេង ដែលផលិតក្នុងស្រុកដែលមានឈ្មោះថា Fattah (Conqueror) នៅក្នុងពិធីមួយក្នុងរដ្ឋធានីតេអេរ៉ង់។
របាយការណ៍បានឲ្យដឹងថា ពិធីបើកនេះមានការចូលរួមដោយប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ប្រធានមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) លោក Hossein Salami និងមេបញ្ជាការកងពលអាកាសរបស់ IRGC លោក Amir-Ali Hajizadeh ។
មីស៊ីលនេះមានសមត្ថភាពយុទ្ធសាស្ត្រខ្ពស់ ហើយត្រូវបានបំពាក់ដោយប្រព័ន្ធជំរុញឥន្ធនៈរឹង និងក្បាលចល័តដំណាក់កាលទី២ ដែលអាចឱ្យវាឈានដល់ល្បឿនរហូតដល់ ១៥ ម៉ាយ (៥១០៤.៣៥ ម៉ែត្រក្នុងមួយវិនាទី) និងចម្ងាយ ១៤០០ គីឡូម៉ែត្រ។
ប្រភពបានឲ្យដឹងថា មីស៊ីលដឹកនាំដោយភាពជាក់លាក់នេះ ក៏ត្រូវបានបំពាក់ដោយបច្ចេកវិទ្ យាបំបាំងកាយផងដែរ ដែលធ្វើឱ្យវាអាចគេចពីការរកឃើញដោយប្រព័ន្ធរ៉ាដា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា នៅក្នុងសុន្ទរកថានៅឯពិធីដាក់បង្ហាញ លោក Hajizadeh បានកត់សម្គាល់ថា មិនមានបច្ចេកវិទ្យាប្រឆាំងមីស៊ីល ដែលមានសមត្ថភាពអាចការពារមីស៊ីលលឿនជាងសំឡេង ពីការវាយលុកគោលដៅនោះទេ៕ ប្រែសម្រួល ឈូក បូរ៉ា