ចិន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ប្រទេសចិន បានបាញ់បង្ហោះ គ្រាប់រ៉ុក្កែត ZK 1A នៅមជ្ឈមណ្ឌលបាញ់បង្ហោះ ផ្កាយរណប Jiuquan នៅភាគពាយ័ព្យប្រទេសចិន ដើម្បីដឹកជញ្ជូនផ្កាយរណប សរុបចំនួន ២៦ គ្រឿងទៅកាន់ទីអវកាស ដោយបង្កើតកំណត់ត្រាថ្មី សម្រាប់យានអវកាសច្រើនបំផុត ត្រូវបានបាញ់បង្ហោះ ដោយរ៉ុក្កែតចិនតែមួយ ។
គ្រាប់រ៉ុក្កែតដែលមានកម្លាំង ៣០ ម៉ែត្រ បានបាញ់បង្ហោះនៅម៉ោង ១២:១០ យប់ថ្ងៃពុធ ហើយភ្លាមៗនោះបានដាក់ផ្កាយរណប រួមទាំងផ្កាយរណបពិសោធន៍ Shiyan 24A និង 24B ទៅក្នុងគន្លង ដែលបានកំណត់ទុកជាមុន ។ នេះបើយោងតាម CAS Space ជាក្រុមហ៊ុនរ៉ុក្កែត ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ជាកម្មសិទ្ធិរបស់បណ្ឌិត្យសភា វិទ្យាសាស្ត្រចិនថា ផ្កាយរណបទាំង ២៦ គ្រឿងមានភារកិច្ចអនុវត្តការបង្ហាញបច្ចេកវិទ្យា និងប្រតិបត្តិការចាប់សញ្ញាពីចម្ងាយពាណិជ្ជកម្ម ។
មុនពេលបេសកកម្មនេះ កំណត់ត្រាក្នុងស្រុក សម្រាប់ផ្កាយរណបច្រើនបំផុត បានហោះហើរក្នុងបេសកកម្មតែមួយ ត្រូវបានធ្វើឡើងដោយការហោះហើរ លើកដំបូងនៃកំណែកែប្រែ នៃរ៉ុក្កែត Long March 8 កាលពីខែកុម្ភៈឆ្នាំមុន បានពង្រាយផ្កាយរណប ចំនួន ២២ ។ កំណត់ត្រាពិភពលោក ត្រូវបានកាន់កាប់ដោយ Falcon 9 របស់ SpaceX បានលើកផ្កាយរណបចំនួន ១៤៣ គ្រឿង កាលខែមករា ឆ្នាំ២០២១ ។
ZK 1A បានធ្វើការហោះហើរ លើកដំបូង របស់ខ្លួននៅមជ្ឈមណ្ឌល Jiuquan កាលពីខែកក្កដាឆ្នាំមុន ដោយបានក្លាយទៅជារ៉ុក្កែតជំរុញដ៏រឹងមាំ និងមានឥទ្ធិពលបំផុត របស់ប្រទេស នៅពេលនោះ ។ គំរូរ៉ុក្កែតនេះមានប្រវែង ៣០ ម៉ែត្រ អង្កត់ផ្ចិត ២.៦៥ ម៉ែត្រ និងទម្ងន់ ១៣៥ តោន។ វាមានសមត្ថភាពបញ្ជូនផ្កាយរណប មានទម្ងន់សរុប ១.៥ តោន ចូលទៅក្នុងគន្លងព្រះអាទិត្យធម្មតាដែលមានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រពីលើផែនដី ៕